Triple H ប្រាប់​ឲ្យ​កីឡាករ​មួយ​រូប​គួរ​បន្ត​ឈរ​ជើង​នៅ​ក្លឹប​បច្ចុប្បន្ន ជា​ជាង​ការ​ផ្ទេរ​ទៅ​ Chelsea

អ្នក​កីឡាកាស​អាជីព​លោក Paul Michael Levesque ឬ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា Triple H ថ្មីៗ​នេះ បាន​បង្ហាញ​ការ​ផ្តល់​យោបល់​ចំពោះ​កីឡាករ​នៅ Premier League មួយ​រូប ដែល​កំពុង​ស្ថិត​ក្រោម​ក្រសែ​ភ្នែក​ចង់​បាន​ពី​សំណាក់​ក្លឹប​តោ​ខៀវ Chelsea។

​នោះ​គឺ​យុវជន Declan Rice ​ដោយ​កន្លង​ទៅ​ល្ហៀងៗ​ថា ក្រុម​របស់​លោក Framk Lampard ចង់​ចរចា​យក​ខ្សែ​បម្រើ​សញ្ជាតិ​អង់គ្លេស​រូប​នេះ នៅ​តម្លៃ​ខ្លួន​ប្រមាណ ៨០ លាន​ផោន។

បញ្ជាក់​ថា Rice ធ្លាប់​ជា​យុវជន​ហ្វឹកហាត់​នៅ​ថ្នាល​របស់ Chelsea ​បាន​សម្រេច​ការ​ផ្ទេរ​មក West Ham ពេល​គេ​មាន​អាយុ ១៦ ឆ្នាំ ហើយ​បាន​វិវត្ត​ខ្លួន​ជា​បន្តបន្ទាប់ មាន​ឱកាស​មក​លេង​នៅ​ឈុត​ធំ​នៅ​ឆ្នាំ ២០១៧។ សព្វថ្ងៃ​គេ​ជា​កីឡាករ​ដ៏​សកម្ម​មួយ​រូប​របស់​​ West Ham ហើយ​ក៏​ជា​ចំណែក​ជួយ​ឲ្យ​ក្រុម​ឆ្លង​ផុត​តំបន់​ត្រូវ​កាត់​ឈ្មោះ​ចេញ​ពី​ក្របខ័ណ្ឌ Premier League រដូវ​កាល​ចាស់​ផង​ដែរ។

ប្រាប់​ទៅ​កាន់ BT Sport អ្នក​កីឡាកាស Triple H ដែល​ជា​អ្នក​គាំទ្រ​ក្លឹប West Ham បាន​បង្ហាញ​ការ​យល់​ឃើញ​ថា៖ “ខ្ញុំ​ចង់​ផ្ញើសារ​នេះ​ទៅ​កាន់ Declan Rice ដោយ​ខ្ញុំ​ដឹង​ថា​អ្នក​កំពុង​ទទួល​បាន​ការ​សម្រេច​ចិត្ត​ដ៏​ធំ​មួយ​នា​ពេល​ខាង​មុខ ប៉ុន្តែ​ខ្ញុំ​ចង់​ឲ្យ​អ្នក​យល់​ថា ​នៅ​ក្នុង​ជីវិត​របស់​យើង វា​មាន​រឿង​ជា​ច្រើន​ទៀត​ដែល​កាន់​តែ​សំខាន់”។

លោក​សង្កត់​ធ្ងន់៖ “អ្នក​មាន​ឱកាស​ក្លាយ​ជា​អ្វី​ម្យ៉ាង​នៅ​ West Ham គឺ​ការ​ក្លាយ​ជា​វីរបុរស ​និង​ជា​វីរបុរស​ដែល​មាន​អ្នក​គាំទ្រ​ជា​ច្រើន​គាំទ្រ​អ្នក ហើយ​អ្នក​គួរ​តែ​នៅ​ទី​នេះ​ដើម្បី​បង្កើត​ភាព​ជោគជ័យ ហើយ​ក្លាយ​ជា​អ្នក​ឈ្នះ ពោល​គឺ​នៅ​ជាមួយ West Ham ជា​ក្លឹប​ដែល​បាន​បណ្តុះបណ្តាល​អ្នក​ឲ្យ​ឈាន​មក​ដល់​ចំណុច​នេះ”៕

ប្រភព៖ TalkSport

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT