កិច្ច​ប្រជុំ​រវាង​ថ្នាក់​ដឹក​នាំ Barca ​និង​ឪពុក Messi ​បញ្ចប់​ទៅ ​ដោយ​គ្មាន​កុងត្រា​អ្វី​ទេ​

​កាល​ពី​ម្សិលមិញ​នេះ ​លោក Josep Bartomeu ​បាន​ជួប​ប្រជុំ​ជាមួយ​លោក ​Jorge ​ឪ​ពុក​របស់ Lionel Messi ​ដើម្បី​ចរចា​រក​ផ្លូវ​ឱ្យ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​បន្ដ​លេង​នៅ​ក្រុម Barcelona ​ទៀត​។

​ការ​ប្រជុំ​នោះ​ដែរ បាន​ប្រើ​ពេល​ដល់​ទៅ​៩០​នាទី​ពេញ​ឯ​ណោះ ​ទើប​ភាគី​ទាំង​សង​ខាង​ចាកចេញ​។ ដោយ​លទ្ធផល​វិញ ​មិន​មាន​ការ​ចុះ​កុងត្រា​អ្វី​នោះ​ទេ ​ប៉ុន្តែ​ភាគី​ក្រុម​អ្នក​មាន​បុណ្យ​មើល​ឃើញ​ថា​ពួកគេ​មាន​ទំនុក​ចិត្ត​ដល់​ទៅ​៩០​% ហើយ​ថា Messi ​នឹង​បន្ដ​លេង​នៅ​ក្រុម Barcelona ​ទៀត។ ​ដោយ​ក្រោយ​ពី​ប្រជុំ​ចប់ ​ក្រុម Barcelona ​ជឿ​ជាក់​ថា​លោក Jorge Messi ​នឹង​បញ្ចុះ​បញ្ចូល​កូន​ប្រុស​ខ្លួន​បន្ដ​លេង​នៅ​អេស្ប៉ាញ​ទៀត​មិន​ខាន។

​រំលឹក​ថា Messi ​នៅ​តែ​បន្ដ​អវត្តមាន​ពី​ទីលាន​ហ្វឹកហាត់​ទៀត​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ។ ​យ៉ាង​ណា​មិញ ​ក្រុម Barcelona ​ក៏​មិន​ទាន់​ពិន័យ​ទៅ​លើ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​នៅ​ឡើយ​ទេ ​ដោយ​ពួកគេ​បាន​ទុក​ពេល​ឱ្យ Messi ​ពិចារណា​ទៀត​សិន៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT