ឪពុក Messi នឹង​ចូល​ជួប Bartomeu ​ថ្ងៃ​ពុធ​នេះ សុំ​ឲ្យ​កូន​ប្រុស​បាន​ចាកចេញ​ពី​ក្លឹប

ឪពុក​របស់ Lionel Messi ​និង​ដើរ​តួ​ជា​ភ្នាក់ងារ​ផ្ទាល់​ខ្លួន លោក Jorge Messi នឹង​ចូល​ជួប​ជាមួយ​ប្រធាន​ក្លឹប​លោក Josep Maria Bartomeu នៅ​ថ្ងៃ​ពុធ​នេះ ដើម្បី​ដោះស្រាយ​បញ្ចប់​អនាគត​កូន​ប្រុស​របស់​ខ្លួន។ នេះ​បើ​តាម​របាយការណ៍​ពី Mundo Deportivo បាន​ចុះ​ផ្សាយ។

លោក Jorge នឹង​ធ្វើ​ដំណើរ​ពី​ប្រទេស​អាហ្សង់ទីន មក​កាន់​ទីក្រុង Barcelona ដើម្បី​តែ​គោលដៅ​មួយ​គត់ គឺ​បញ្ចុះបញ្ចូល​ឲ្យ​ក្លឹប​កាតាឡាន់​ព្រម​បើក​ផ្លូវ​ឲ្យ​កីឡាករ​ឈ្នះ​ពាន Ballon d’Or ៦ សម័យ​កាល អាច​ចាកចេញ ត្រៀម​សម្រាប់​ការ​លេង​ឲ្យ​ក្លឹប​ថ្មី​នា​រដូវ​កាល ២០២០/២១។

បញ្ជាក់​ថា​រយៈ​ពេល​ចុង​ក្រោយ Messi ​ហាក់​មិន​គិត​ពី​ការ​វិល​ត្រលប់​ទាល់​តែ​សោះ ដោយ​ល្ហៀងៗ​ថា​សូម្បី​តែ​ការ​ហ្វឹកហាត់​និង​ការ​តេស្ត​រក​ជំងឺ COVID-19 ក៏​លោក​បដិសេធ​មិន​ធ្វើ​តាម​នោះ​ដែរ ពោល​ជា​សញ្ញា​បង្ហាញ​យ៉ាង​ច្បាស់ ថា​លោក​គ្មាន​ចិត្ត​ចង់​បន្ត​ឡើយ៕ ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT