មាន​អ្វី​ពិសេស? ហេតុអ្វី​យន្តហោះ​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ហោះ​រំលង​ផ្ទះ​របស់ Messi?

Lionel Messi ​ជា​កីឡាករ​ដ៏​សំខាន់​មួយ ប្រចាំ​ក្លឹប​បាល់ទាត់ Barcelona ​ហើយ​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ បុរស​សញ្ជាតិ​អាហ្សង់ទីន​រមែង​ទទួល​បាន​ការ​គោរព​ស្រលាញ់​និង​ឲ្យ​តម្លៃ​ខ្ពស់​បំផុត ពី​សំណាក់​ប្រជាជន និង​អ្នក​គាំទ្រ​នៅ​ក្នុង​ទីក្រុង​ដ៏​ធំ​របស់​អេស្ប៉ាញ​មួយ​នោះ។

តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា ផ្ទះ​របស់ Messi មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​យន្តហោះ​អាច​ហោះ​កាត់​បាន? ហើយ​នៅ​ពី​ក្រោយ​នេះ តើ​មាន​មូលហេតុ​ពិសេស​អ្វី​ទៅ ពោល​ជា​ឥទ្ធិពល​របស់ M10 ឬ​ក៏​បែប​ណា?

កន្លង​មក​ប្រធាន​ក្រុមហ៊ុន​អាកាសចរណ៍​ Vueling លោក Javier Sanchez-Prieto ក៏​ធ្លាប់​និយាយ​បែប​នេះ​ថា៖ “អ្នក​មិន​អាច​ហោះ​កាត់​កន្លែង​ដែល Messi រស់នៅ​បាន​ទេ នេះ​វា​ជា​រឿង​ដែល​មិន​ធ្លាប់​កើត​មាន​ទាល់​តែ​សោះ​ក្នុង​លោក”។

ភូមិគ្រឹះ​ដ៏​ធំ​ស្កឹមស្កៃ​របស់ Messi ​ស្ថិត​ក្នុង​តំបន់ Gava ដែល​មាន​ចម្ងាយ​ ១៩ គីឡូម៉ែត្រ​ពី​កីឡដ្ឋាន Camp Nou និង​ប្រមាណ ១០ ​គីឡូម៉ែត្រ​ពី​អាកាសយានដ្ឋាន​ដ៏​ធំ​បំផុត​ប្រចាំ​ទីក្រុង Barcelona។ នៅ​តំបន់​ដែល Messi កំពុង​ស្នាក់អាស្រ័យ​នេះ ផ្អែក​តាម​ច្បាប់​របស់​ប្រទេស​អេស្ប៉ាញ​គឺ​ជា​តំបន់​ឬ Zone ដែល​មាន​ការ​រឹតត្បិត​ផ្នែក​បរិស្ថាន បែប​នេះ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​យន្តហោះ​ណា​មួយ​ហោះ​ឆ្លង​កាត់​តំបន់​នេះ​បាន​ឡើយ អ៊ីចឹង​មិនមែន​ថា​តែ​ផ្ទះ​របស់ Messi ដែល​មាន​តម្លៃ​ជាង ៧ លាន​ដុល្លារ​នោះ​ទេ សូម្បី​តែ​ស្ថាប័ន​ឬ​ទីតាំង​ឯ​ទៀត​ស្ថិត​ក្នុង​តំបន់​នោះ ក៏​មិន​អាច​មាន​យន្តហោះ​ហោះ​ឆ្លង​កាត់​ដូច​គ្នា ហើយ​តម្រូវ​ឲ្យ​យន្តហោះ​ដែល​ចេញ​ពី​អាកាសយានដ្ឋាន​ហោះ​ឆ្លងកាត់​តាម​តំបន់​មាត់​សមុទ្រ​ជំនួស​វិញ។

សរុប​មក ​ចម្លើយ​គឺ​មិនមែន​ដោយសារ​តែ​ផ្ទះ​របស់ Messi នោះ​ទេ ផ្ទុយ​ទៅ​វិញ​គឺ​ដោយសារ​លោក​រស់នៅ​នៅ​ក្នុង​តំបន់​ដែល​មាន​ការ​រឹតត្បិត​ការពារ​ដល់​ផ្នែក​បរិស្ថាន ប៉ុន្តែ​តាម​អ្នក​ជំនាញ​ភាគ​ច្រើន​ជឿ​ថា តំបន់​ដ៏​ស្ងៀមស្ងាត់​និង​គ្មាន​ការ​រំខាន​មួយ​នោះ ​ក៏​មិន​មែន​សុទ្ធ​តែ​អ្នក​រាល់​គ្នា​ឬ​ប្រជាជន​សាមញ្ញ​អាច​ទៅ​រស់នៅ​បាន​នោះ​ដែរ ពោល​លើកលែង​តែ​បុគ្គល​សំខាន់​ឬ​អ្នក​មាន​ទ្រព្យ​ស្តុកស្តម្ភ​ណា​មួយ​តែ​ប៉ុណ្ណោះ៕​

ប្រភព៖ SportBible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT