Rooney ថា​បើ Messi ​មាន​កីឡាករ​រូប​នេះ​នៅ​ក្បែរ​ខ្លួន នោះ​នឹង​ឈ្នះ​ពាន Ballon d’Or ទី ៧

ជជែក​ពាក់ព័ន្ធ​នឹង​ចចាមអារ៉ាម​នៃ​ការ​ចាកចេញ​របស់ Lionel Messi ជើង​ចាស់​នៅ​អង់គ្លេស​លោក Wayne Rooney ក៏​បាន​បង្ហាញ​ការ​យល់​ឃើញ​ថ ប្រសិន​គេ​ព្រម​ផ្ញើ​អនាគត​ជាមួយ​ក្លឹប​នៅ​អង់គ្លេស គេ​នឹង​អាច​ឈ្នះ​ពាន Ballon d’Or ទី ៧។

ប្រាប់​សារព័ត៌មាន talkSPORT អតីត​កីឡាករ​នៅ Man Utd និយាយ៖ “ខ្ញុំ​នឹង​ថា​គាត់​កាន់​តែ​មាន​វ័យ​ចំណាស់​ហើយ តែ​គាត់​នៅ​តែ​ជា​កីឡាករ​ដែល​យើង​មិន​ធ្លាប់​បាន​ឃើញ​ពី​មុន​មក គាត់​មាន​គ្រប់​យ៉ាង ទាំង​ការ​បង្កើត​ឱកាស ការ​សម្រេច​ទី ពោល​ជា​កីឡាករ​ល្អ​បំផុត​គ្រប់​ពេលវេលា​ទាំង​អស់”។

លោក​បន្ត៖ “ការ​ផ្ទេរ​ទៅ​លេង​នៅ​អាមេរិក ជឿ​ថា​មិន​ស្ថិត​ក្នុង​ការ​គិត​របស់​គាត់​ទេ ព្រោះ​គាត់​ល្អ​ពេក​ហើយ អ៊ីចឹង​គាត់​អាច​នឹង​មក​ចូលរួម​នៅ Premier League ហើយ​ក្លាយ​ជា​កីឡាករ​ល្អ​បំផុត​ប្រចាំ​ឆ្នាំ មួយ​ទៀត​បើ​មាន​កីឡាករ​នៅ​ជុំវិញ​ខ្លួន​ដូច​ជា Bruno Fernandes [នៅ Man Utd] ឬ Kevin de Bruyne [នៅ Man City] នោះ​គាត់​នឹង​ឈ្នះ​ពាន Ballon d’Or ទី ៧”៕ ប្រភព៖ SportBible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT