[ផ្លូវការ] Leicester បន្ត​កុងត្រា​ឲ្យ Jamie Vardy ដល់​ឆ្នាំ ២០២៣

ខ្សែ​ប្រយុទ្ធ​ជួរ​មុខ Jamie Vardy បាន​ចុះ​ហត្ថលេខា​ការ​បន្ត​កុងត្រា​ថ្មី ដល់​ឆ្នាំ ២០២៣ ជាមួយ​ក្លឹប​កញ្រ្ជោង​ខៀវ Leicester City។

បុរស​វ័យ​ ៣៣ ឆ្នាំ​នៅ​តែ​ដើរ​តួ​យ៉ាង​សំខាន់ សម្រាប់​ក្លឹប​អង់គ្លេស​នៅ​តំបន់​ប្រយុទ្ធ ហើយ​រដូវ​កាល ២០១៩/២០ គេ​រក​បាន ២៣ គ្រាប់។ តាម​ពិត​ទៅ​កុងត្រា​របស់​គេ​សេសសល់​ ២ ឆ្នាំ​ទៀត តែ​នេះ​ជា​កាដូ​ពិសេស​ពី​ក្លឹប ត​បន្ថែម​លើ​កុងត្រា​ចាស់​ឲ្យ ១ ឆ្នាំ។

ប្រាប់​នៅ​បទសម្ភាសន៍ ក្រោយ​បន្ត​កុងត្រា​ថ្មី កីឡាករ​អង់គ្លេស​និយាយ៖ “វា​ជា​អារម្មណ៍​ដ៏​ពិសេស​មួយ ដែល​អាច​កំណត់​អនាគត​របស់​ខ្ញុំ​ជាមួយ Leicester City ម្តង​ទៀត ដោយ​ខ្ញុំ​ពិត​ជា​ចូលចិត្ត​ការ​លេង​បាល់ទាត់​នៅ​មុខ​អ្នក​គាំទ្រ​របស់​យើង​ក្នុង​កីឡដ្ឋាន King Power Stadium ខ្លាំង​ណាស់”។

បញ្ជាក់​ថា​ Vardy ​មក​ចូលរួម​នៅ Leicester តាំង​ពី​ឆ្នាំ ២០១២ នៅ​តម្លៃ​ខ្លួន​ជាង ១ លាន​អឺរ៉ូ​ប៉ុណ្ណោះ ហើយ​គេ​ជា​ចំណែក​ដ៏​សំខាន់​ធ្លាប់​ជួយ​ឲ្យ​ក្លឹប​ឈ្នះ​ពាន Premier League នា​រដូវ​កាល ២០១៥/១៦៕ ប្រភព៖ BBC

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT