កាតា ជាប្រទេសដែលនឹងត្រូវរៀបចំព្រឹត្តិការណ៍បាល់ទាត់ FIFA World Cup 2022 បន្ទាប់ពីពួកគេបានដេញថ្លៃឈ្នះប្រទេសអង់គ្លេស។
យ៉ាងណាមិញ ការដេញបាននោះ ត្រូវមតិជាច្រើនរិះគន់ថា កាតា បានលេងល្បិចសូកប៉ាន់ខាង FIFA ដែលគ្រានោះលោក Sepp Blatter គឺជាប្រធានសហព័ន្ធបាល់ទាត់អន្តរជាតិ FIFA ។ អាស្រ័យហេតុនេះហើយ ទើបបានជាលោក Lord Triesman អតីតប្រធានសហព័ន្ធកីឡាបាល់ទាត់អង់គ្លេស និងជាអ្នកទៅដេញថ្លៃប្រជែងមួយប្រទេសកាតាដែរនោះ បានបញ្ជាក់ថាខាង FIFA គួរតែពិនិត្យមើលឡើងវិញ ចំពោះរឿងខុសច្បាប់ដែលប្រទេសកាតាបានធ្វើ។
ផ្ទុយទៅវិញ ប្រសិនបើពួកគេសើបអង្កេត និងរកឃើញថាកាតាពិតជាបន្លំភ្នែកមែននោះ ខាង FIFA គួរតែមើលមកខាងប្រទេសអង់គ្លេសវិញ ព្រោះថាអង់គ្លេសតែងតែត្រៀមខ្លួនរួចជានិច្ចសម្រាប់ការធ្វើជាម្ចាស់ផ្ទះ World Cup នេះ។
សូមបញ្ជាក់ថា កាតា បានដេញថ្លៃឈ្នះអង់គ្លេសបានធ្វើបានជាម្ចាស់ផ្ទះ World Cup 2022 ។ ក្រោយពីទទួលបានសិទ្ធិហើយ ប្រទេសនេះបាននឹងកំពុងអភិវឌ្ឍកីឡដ្ឋានរបស់ខ្លួនយ៉ាងខ្លាំង ដោយអាចនឹងប្រើម៉ាស៊ីនត្រជាក់ក្នុងកីឡដ្ឋាន និងធ្វើដំបូងបិទជិតថែមទៀតផង៕ប្រភព៖ DailyMail