អ្នក​គាំទ្រ Barcelona ​កំពុង​តវ៉ា ​ឱ្យ​លោក ​Bartomeu ​ចុះ​ចេញ​ពី​តំណែង​

​អ្នក​គាំទ្រ​ស្មោះ​ស្ម័គ្រ​របស់​ក្រុម FC Barcelona ​បាន​នាំ​គ្នា​ទៅ​តវ៉ា​នៅ​មុខ​កីឡដ្ឋាន Camp Nou ​ដើម្បី​ឱ្យ​ប្រធាន​ក្លឹប Bartomeu ​ចាកចេញ​ពី​តំណែង ​បន្ទាប់​ពី Messi ​ស្នើ​សុំ​ចាកចេញ។

នៅ​យប់មិញ​នេះ ​មាន​ដំណឹង​ថា Messi ​បាន​ស្នើ​ថ្នាក់​ដឹក​នាំ​ក្លឹប​ដើម្បី​ចាកចេញ​រក​ក្លឹប​ថ្មី​លេង​ហើយ ​បើ​ទោះ​ជា​រូបគេ​នៅ​សល់​កុងត្រា​១​ឆ្នាំ​ទៀត​ជាមួយ Barcelona ​ក៏​ដោយ។ ​ការ​ចង់​ចាកចេញ​នេះ ត្រូវ​បាន​គេ​ដឹង​ថា​ដោយសារ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​មិន​ពេញ​ចិត្ត​ជាមួយ​ថ្នាក់​ដឹក​នាំ​ក្រុម ​ជា​ពិសេស​ថ្នាក់​លើ​តែ​ម្ដង ដែល​បណ្ដោយ​ឱ្យ​កីឡាករ​ល្អ​ៗ​ចេញ ​ហើយ​នាំ​យក​មក​វិញ​កីឡាករ​ដែល​មិន​អាច​ជួយ​ក្រុម​បាន​ច្រើន​នៅ​ប៉ុន្មាន​រដូវកាល​មក​នេះ​។

​ការ​ចង់​ចាកចេញ​របស់ Messi ​នេះ​ដែរ ​ក៏​ស្រាប់​តែ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ច្រើន​នាក់​មិន​សប្បាយ​ចិត្ត​ជាមួយ​លោក Bartomeu ​ដែល​ជា​ប្រធាន​ក្លឹប​នោះ​ទេ។ ​ពួកគេ​បាន​ប្រមូល​ផ្ដុំ​គ្នា​ភ្លាម​ៗ​តែ​ម្ដង ដើម្បី​តវ៉ា ​និង​ចង់​ឱ្យ​ប្រធាន​ក្លឹប​រូប​នេះ​ចុះ​ចេញ​ពី​តំណែង​មុន​អាណត្តិ ខណៈ​ដែល​ការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធាន​ថ្មី ​ធ្វើ​ឡើង​នៅ​ឆ្នាំ​ក្រោយ​ឯ​ណោះ៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT