រឿង​ត្រូវ​ដឹង! តើ​តម្លៃ​ពលកម្ម និង​តម្លៃ​បញ្ចប់​កុងត្រា​របស់ Messi ថ្លៃ​ប៉ុន្មាន?

រឿងរ៉ាវ​អំពី​ការ​ចាកចេញ​របស់ Lionel Messi កំពុង​កាន់​តែ​ក្តៅ​គគុក​ឡើង ​ក្រោយ​ពី​មាន​ដំណឹង​ច្បាស់ការ​ថា​កីឡាករ​អាហ្សង់ទីន បាន​ប្រាប់​ទៅ​ក្លឹប​ថា​ខ្លួន​ចង់​ចែក​ផ្លូវ​កាល​ពី​យប់​មិញ​នេះ។

ពាក់ព័ន្ធ​នឹង​រឿង​ខាង​លើ អ្នក​គាំទ្រ​គួរ​តែ​ដឹង​ច្បាស់​អំពី​រឿងរ៉ាវ​សំខាន់ ២ ដែល​ទាក់ទិន​នឹង​តម្លៃ​បញ្ចប់​កុងត្រា​របស់ Messi ​ក៏​ដូច​ជា​តម្លៃ​ពលកម្ម​ដែល Messi កំពុង​ទទួល​បាន​នៅ Barcelona។

ដូច​បាន​ចែង​ក្នុង​កិច្ច​កុងត្រា​ដែល Messi បាន​ចុះ​ហត្ថលេខា​តាំង​ពី​ដំបូង គឺ​តម្លៃ​ផ្តាច់​កុងត្រា​របស់​ខ្លួន​ថ្លៃ​ប្រមាណ ៧០០ លាន​អឺរ៉ូ ដែល​នេះ​ជា​ទំហំ​ចំណាយ​មួយ​មិន​ងាយ​មាន​ក្លឹប​ណា​ហ៊ាន​ចាយ​ដល់​ប៉ុណ្ណឹង​នោះ​ទេ ដោយ​កន្លង​ទៅ​សម្រាប់​តម្លៃ​ខ្លួន​ថ្លៃ​បំផុត​របស់​កីឡាករ​គឺ Neymar Jr ក្លឹប​បារាំង PSG ចាយ​អស់ ២២២ លាន​អឺរ៉ូ​តែ​ប៉ុណ្ណោះ​នៅ​ឆ្នាំ ២០១៧។

ប៉ុន្តែ Messi មាន​សិទ្ធ​ពិសេស​គឺ​អាច​ចាកចេញ​រៀងរាល់​បញ្ចប់​រដូវ​កាល​នីមួយៗ ដោយ​លក្ខខណ្ឌ​ឥត​តម្លៃ​ខ្លួន ត្បិត​បើ​ក្នុង​កុងត្រា​សល់​ពេល ១ ឆ្នាំ​ទៀត​ក៏​ដោយ (ដល់​ខែ​មិថុនា ឆ្នាំ ២០២១) បែប​នេះ​មាន​ន័យ​ថា​ក្លឹប​ដែល​ចង់​បាន​លោក គឺ​មិន​ចាំ​បាច់​ចាយ​លុយ​លើ​តម្លៃ​ខ្លួន​ឡើយ។ យ៉ាងណាមិញ​ការ​ប្រើប្រាស់​សិទ្ធ​ពិសេស​នេះ មិន​ប្រាកដ​ថា​អាច​ធ្វើ​ទៅ​បាន​នៅ​រដូវ​ក្តៅ​នេះ​ទេ ព្រោះ​តាម​លក្ខខណ្ឌ​បាន​ចែង គឺ​លុះត្រា​ណា​តែ Messi ផ្តល់​ដំណឹង​ជូន Barcelona មុន​ខែ​មិថុនា តែ​វា​ជា​បញ្ហា​មួយ​ដែល​គេ​ងឿងឆ្ងល់​ដូច​គ្នា ព្រោះ​ឆ្នាំ​នេះ​ជំងឺ​រាតត្បាត​កូវីដ១៩ បាន​អូសបន្លាយ​រដូវ​កាល​ឲ្យ​បញ្ចប់​នា​ខែ​សីហា​ឯ​ណោះ។

ដោយ​ឡែក​សម្រាប់​តម្លៃ​ពលកម្ម​របស់ Messi បច្ចុប្បន្ន​នេះ លោក​ជាប់​ឈ្មោះ​ជា​កីឡាករ​ស៊ី​ថ្លៃ​បំផុត​ក្នុង​លោក ដោយ​មួយ​ខែ​ទទួល​បាន​ប្រាក់ ៨,៣ លាន​អឺរ៉ូ និង​មួយ​ឆ្នាំ​បាន ៩៩,៦ លាន​អឺរ៉ូ ដែល​ជា​ថ្លៃ​ពលកម្ម​មិន​ងាយ​មាន​ក្លឹប​ណា​ហ៊ាន​ផ្តល់​ជូន​ស្រួលៗ​បាន​ឡើយ៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT