van Gaal ថា​កាល​នៅ​ដឹកនាំ ManU លោក​ចង់​បាន​កីឡាករ ១០ រូប​នេះ មាន​តាំង​ពី Neymar/Ramos

Louis van Gaal ​ធ្លាប់​ដឹកនាំ​ក្លឹប Man Utd នៅ​ឆ្នាំ ២០១៤ និង​ចាកចេញ​ទៅ​វិញ​នៅ​ពីរ​ឆ្នាំ​បន្ទាប់ ហើយ​កំឡុង​ពេល​នោះ បុរស​សញ្ជាតិ​ហូឡង់​បាន​ទម្លាយ​ថា​ធ្លាប់​ដាក់​គោលដៅ​លើ​កីឡាករ​កំពូល ១០ រូប តែ​ចុងក្រោយ​សុទ្ធ​សឹង​តែ​យក​មិន​បាន។

​ប្រាប់​កាល​ពី​ពេល​ថ្មីៗ​នេះ Van Gaal និយាយ៖ “ខ្ញុំ​ធ្លាប់​ចង់​បាន Robert Lewandowski តែ​ពេល​មើល​ទៅ​ពិបាក​ពេក ខ្ញុំ​ព្យាយាម​ចង់​យក Gonzalo Higuain មក​ជំនួស ហើយ​មុន​ពេល​ខ្ញុំ​មក​ដល់ ខ្ញុំ​ធ្លាប់​និយាយ​ជាមួយ​ថ្នាក់​លើ​ក្លឹប អំពី​រឿង Neymar ទៀត ព្រោះ​ប្រសិន​អ្នក​នៅ​ដឹកនាំ United អ្នក​ត្រូវ​តែ​ហ៊ាន​គិត​ធំ”។

លោក​បន្ថែម៖ “ដោយ​ពេល​នោះ​ខ្ញុំ​ប្រញាប់​នឹង​ការ​ចង់​បាន​ខ្សែ​ប្រយុទ្ធ​ស្លាប​ណាស់ អ៊ីចឹង​ខ្ញុំ​ក៏​ព្យាយាម​ចរចា​យក Sadio Mane និង Riyad Mahrez ហើយ Thomas Muller ក៏​ស្ថិត​ក្នុង​បញ្ជី​របស់​ខ្ញុំ​ដែរ រី​ឯ​នៅ​តំបន់​បម្រើ​មាន N’Golo Kante និង James Milner ក៏​ខ្ញុំ​ចង់​បាន”។

“នៅ​តំបន់​ការពារ ខ្ញុំ​ចង់​បាន Sergio Ramos និង Mats Hummels ព្រោះ​ប្រព័ន្ធ​ការពារ​របស់​យើង​ពេល​នោះ​ខ្សោយ ដោយ​ទាំង​នេះ​សុទ្ធ​សឹង​ជា​គោលដៅ​ធំ តែ​យើង​មិន​អាច​យក​បាន​ទាំង​អស់ ដោយ​ខ្ញុំ​មិន​ដឹង​ថា​ហេតុអ្វី​ទេ លុះ​ពេល​ខ្ញុំ​ចាកចេញ ដូច Mahrez គេ​ក៏​បាន​ទៅ​លើ City និង Kante បាន​ទៅ​លើ Chelsea ហើយ United ​មិន​បាន​ពួក​គេ​ទាំង​អស់”៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT