៤ យ៉ាង​ដែល​អ្នក​គួរ​ដឹង ពី​​អ្នកចាត់ការ​ថ្មីថ្មោង​របស់ Barcelona លោក Ronald Koeman

ក្រោយពីប្រធានក្លឹបលោក Josep Maria Bartomeu បានបង្ហើបតម្រុយខ្លះៗហើយនោះ លុះដល់រសៀលថ្ងៃទី ១៩ សីហា ក្លឹប Barcelona ក៏បានប្រកាសជាផ្លូវការ ជុំវិញការចាត់តាំងអ្នកចាត់ការថ្មី គឺលោក Ronald Koeman។

ជឿ​ថា​អ្នក​គាំទ្រ​បាល់ទាត់​តិច​ណាស់ ដែល​ស្គាល់​គ្រូ​បង្គោល​នៅ​ជម្រើស​ជាតិ​ហូឡង់​រូប​នេះ ហើយ​ក៏​មិន​សូវ​មាន​អ្នក​ដឹង​ពី​ប្រវត្តិ​ធ្លាប់​ជា​កីឡាករ និង​ការ​ដឹកនាំ​ខ្លះៗ​របស់​បុរស​វ័យ ៥៧ ឆ្នាំ​រូប​នេះ​ដែរ។ CTS Sports លើក​មក​បង្ហាញ ៤ ចំណុច​ពាក់ព័ន្ធ​នឹង​លោក Ronald Koeman៖

១) ជោគជ័យ​កាល​នៅ​ជា​កីឡាករ


Koeman ជា​ខ្សែ​ការពារ ជំនាញ​ជើង​ស្តាំ ដោយ​ធ្លាប់​លេង​ឲ្យ​ក្លឹប​អាជីព ៥ ដូច​ជា Groningen, Ajax, PSV, Barcelona និង Feyenoord មុន​ប្រកាស​ចូល​និវត្ត​នៅ​ឆ្នាំ ១៩៩៧។ កាល​នៅ​ជា​កីឡាករ បុរស​សញ្ជាតិ​ហូឡង់​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ខ្សែ​ការពារ​ដែល​ជំនាញ​ក្នុង​ការ​បញ្ចប់​ទី​និងរកបានគ្រាប់បាល់ច្រើនជាងគេបង្អស់ក្នុងប្រវត្តិសាស្រ្ត ដោយ​នៅ ៥៧០ ប្រកួត លោក​រក​បាន ២០១ គ្រាប់​និង Assist ៤៧ លើក ពោល​គឺ​ប្រហែល​ស្ថិតិ​កីឡាករ​លេង​នៅ​តំណែង​ប្រយុទ្ធ​ទូទៅ​មួយ​រូប​ទៅ​ហើយ។

អស្ចារ្យ​បំផុត​នោះ នា​រដូវ​កាល ១៩៩៣/៩៤ នៅ​ការ​ប្រកួត​ Champions League កីឡាករ​លេង​នៅ​តំណែង​ការពារ​ជួរ​ក្រោម Sweeper រូប​នេះ រក​បាន ៨ គ្រាប់ ជាប់​ឈ្មោះ​ជា Top Scorer ជាមួយ​នឹង​ខ្សែ​ប្រយុទ្ធ Wynton Rufer ថែម​ទៀត​ផង។

២) ភាព​ចៃដន្យ​នៃ​ការ​ដឹកនាំ​ក្លឹប


ការ​ផ្ទេរ​ចុះ​ឡើង​ទៅ​ក្លឹប​គូ​ប្រជែង​នៅ​ហូឡង់ Koeman មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​កើត​មាន​ឡើង តែ​កំឡុង​ពេល​បម្រើ​អាជីព​នាម​ជា​កីឡាករ​នោះ​ទេ ទៀត​សោត​សូម្បី​តែ​ក្លាយ​ជា​គ្រូ​បង្វឹក​ហើយ​នោះ ​លោក​ក៏​ទៅ​ដឹកនាំ​ក្លឹប​ធំៗ ៣ ដែល​ខ្លួន​ធ្លាប់​លេង​មាន​ដូច​ជា Ajax, PSV និង Feyenoord ហើយ Barcelona ​នឹង​ក្លាយ​ជា​ក្លឹប​ទី ៤ ដែល​លោក​ត្រូវ​ដឹកនាំ នាម​ជា​ក្លឹប​ដែល​លោក​ធ្លាប់​លេង​នៅ​ជា​កីឡាករ​ទៀត​ផង។​

៣) ស្ថិតិ​ដឹកនាំ​ជោគជ័យ​និង​បរាជ័យ


Koeman ប្រលូក​ក្នុង​វិស័យ​ការងារ​អ្នកចាត់ការ​ដំបូង​បង្អស់ នៅ​ឆ្នាំ ១៩៩៨ តែ​គ្រា​នោះ​ជា​ជំនួយការ​សិន​ទេ ហើយ​នៅ​ក្លឹប Barcelona នេះ​ផ្ទាល់​តែ​ម្តង។ ក្រោយៗ​មក​លោក​ដឹកនាំ​ក្លឹប​បាល់ទាត់​ចំនួន ៩ និង​ក្រុម​ជម្រើស​ជាតិ ១ ហើយ​កំឡុង​ពេល​ដឹកនាំ​ជាង ២០ ឆ្នាំ​មក​នេះ គ្រា​នៅ Valencia គឺ​ជា​ពេល​ដែល​លោក​មាន​អត្រា​បរាជ័យ​ខ្ពស់​បំផុត ដោយ ៣៤ ប្រកួត ឈ្នះ ១១ ស្មើ ៩ និង​ចាញ់ ១៤ រី​ឯ​អត្រា​ឈ្នះ​ខ្ពស់​បំផុត គឺ​នៅ Ajax ដឹកនាំ ១៥១ ប្រកួត ឈ្នះ ៩៤ ស្មើ ៣០ និង​ចាញ់ ២៧។

៤) ពាន​រង្វាន់​ដែល​ឈ្នះ​គ្រា​នៅ​ជា​កីឡាករ​និង​អ្នកចាត់ការ

អំឡុង​ពេល​នៅ​ជា​កីឡាករ លោក Ronald Koeman ឈ្នះ​ពាន​សរុប​ចំនួន ១៩ ហើយ​បើ​រាប់​តែ​នៅ Barcelona លោក​ឈ្នះ​បាន​ដល់​ទៅ ១០ ពាន​ឯ​ណោះ មាន​តាំង​ពី LaLiga, UCL, UEFA Super Cup និង Copa del Rey ជា​ដើម។

ដោយ​ឡែក​កំឡុង​ពេល​ដឹកនាំ ឆ្លង​កាត់​ច្រើន​ក្លឹប​មក​នេះ លោក​ក៏​ធ្លាប់​ជួយ​ឲ្យ​ក្លឹប​នៅ​ហូឡង់​ដែល​ភាគ​ច្រើន​ គឺ Ajax ឈ្នះ​ពាន​ជា​ច្រើន​ផង​ដែរ ហើយ​គ្រា​នៅ​ដឹកនាំ Valencia លើក​បាន Copa del Rey ១ លើក​ដែរ សរុប​មាន​ចំនួន ៨ ពាន​នាម​ជា​គ្រូ​បង្វឹក៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT