ការប្រកួត៣គូបើកឆាកព្រឹត្តិការណ៍បាល់ទាត់យុវជនតំបន់អាស៊ាន AFF U-16 Championship 2018 នឹងចាប់ផ្តើមពីថ្ងៃនេះតទៅហើយ។
នៅក្នុងកម្មវិធីសន្និសីតសារព័ត៌មានមួយថ្ងៃមុនការប្រកួត គ្រូបង្វឹកនៃក្រុមជម្រើសជាតិយុវជនទាំង ១១ បានបង្ហាញចំណាប់អារម្មណ៍ និងការតាំងចិត្តរៀងខ្លួនក្នុងពានរង្វាន់នៃឆ្នាំនេះ ។
ខាងក្រោមគឺជាសម្តីរបស់គ្រូបង្វឹកទាំង ៦ ក្នុងពូល A លើកឡើងខុសៗគ្នា មុនពួកគេត្រូវជួបប្រកួតគ្នា៖
-គ្រូបង្វឹកវៀតណាម លោក Vu Hong Viet ៖ « ពួកយើងគឺជាក្រុមការពារជើងឯក ហើយយើងបានត្រៀមខ្លួនរយៈពេលជាង ០១ខែ សម្រាប់ចូលរួមពានមួយនេះ ហើយយើងរំពឹងថាយកអាចឈ្នះវាម្តងទៀត » ។
-គ្រូបង្វឹកឥណ្ឌូនេស៊ី លោក Fachri Hussaini ៖ « ពិតណាស់ ពួកយើងមានសម្ពាធខ្លះពេលពួកយើងលេងនៅក្នុងផ្ទះ ។ ពួកយើងក៏មានក្តីរំពឹងខ្លះៗផងដែរថាយើងនឹងធ្វើបានល្អ ជាពិសេសបន្ទាប់ពីមើលឃើញនូវការលេងរបស់ក្រុម U-19 ដែលបានធ្វើជាម្ចាស់ផ្ទះផងដែរនោះ » ។
-គ្រូបង្វឹកកម្ពុជា លោក Lee Tae Hoon ៖ « យើងខ្វះខាតចំណុចខ្លះៗ ប៉ុន្តែយើងបានធ្វើនូវរឿងល្អៗដែលយើងអាចធ្វើ ដើម្បីបង្ហាញពីគុណភាពអស្ចារ្យរបស់ក្រុម » ។
-គ្រូបង្វឹកហ្វីលីពីន លោក Reiji Hirata ៖ « យើងចង់ក្លាយជាគូប្រជែង យើងចង់ធ្វើឲ្យបានល្អ ហើយយើងនឹងធ្វើឲ្យបានល្អបំផុតដើម្បីបញ្ឈប់ឥណ្ឌូនេស៊ី » ក្រុមទាំងពិរ នឹងជួបគ្នាក្នុងប្រកួតបើកឆាក ។
-គ្រូបង្វឹកមីយ៉ាន់ម៉ា លោក Nyi Nyi Latt ៖ « កីឡាករក្មេងៗ គឺមិនអាចប៉ាន់ស្មានទុកបានទេ ខណៈដែលយើងចង់ធ្វើឲ្យបានល្អ ប៉ុន្តែយើងត្រូវតែប្រុងប្រយ័ត្នចំពោះក្តីរំពឹងរបស់យើងជាមួយនឹងកីឡាករក្មេងៗទាំងនេះ » ។
-គ្រូបង្វឹកទីម័រខាងកើត លោក Joao Araujo ៖ « យើងបានត្រៀមខ្លួនបានរយៈពេល២ខែកន្លងទៅនេះ ជាមួយនឹងពេលវេលាប៉ុន្មានសប្តាហ៍នៅទីក្រុង Surabaya នេះផងដែរ, វាបង្ហាញថាពួកយើងចង់ធ្វើឲ្យបានល្អ » ។
ក្រឡែកមកមើលកាលវិភាគប្រកួតរបស់ក្រុមទាំង ៦ ក្នុងពូល A ៖
-ម៉ោង ៣:៣០នាទីរសៀល ក្រុមជម្រើសជាតិកម្ពុជា U-16 ជួប ក្រុមជម្រើសជាតិវៀតណាម U-16
-ម៉ោង ៧យប់ ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី U-16 ជួប ក្រុមជម្រើសជាតិហ្វីលីពីន U-16
-ម៉ោង ៧យប់ ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា U-16 ជួប ក្រុមជម្រើសជាតិទីម័រខាងកើត U-16