ឆ្លងកាត់​ក្រោម​ការ​ដឹកនាំអស់ ៧ គ្រូ​ហើយ ជាមួយ​គ្រូ​រូប​នេះ ស្ថិតិ Messi ​ធ្លាក់​ចុះ​ខ្លាំង​បំផុត​មិន​ធ្លាប់​មាន

ជាមួយ​ការ​ចាប់​ផ្តើម​អាជីព​នៅ​ឈុត​ធំ ចាប់​តាំង​ពី​ឆ្នាំ ២០០៤ រៀង​មក Lionel Messi បាន​ឆ្លងកាត់​ក្រោម​ការ​ដឹកនាំ​របស់​អ្នកចាត់ការ​ល្បី​ឈ្មោះ​ជា​ច្រើន ហើយ​សរុប​នៅ​រយៈ​ពេល ១៦ ឆ្នាំ​មក​នេះ មាន​អ្នកចាត់ការ ៧ រូប​ហើយ​ធ្លាប់​បាន​ផ្លាស់​ចេញ​នៅ​ទឹកដី Camp Nou។

ដំបូង​បង្អស់​គឺ​ស្ថិត​ក្រោម​សម័យ​កាល​ដឹកនាំ​របស់ លោក Frank Rijkaard ដែល​គ្រូ​ហូឡង់​រូប​នេះ​ហើយ​ជា​អ្នក​នាំ​ Messi ចេញ​ពី​ថ្នាល​យុវជន មក​ចូលរួម​នៅ​ឈុត​ធំ។ ចន្លោះ​ឆ្នាំ ២០០៤ ដល់ ២០០៨ នៃ​ពេលវេលា​ដឹកនាំ​របស់​លោក Rijkaard សម្រាប់​កីឡាករ​អាហ្សង់ទីន​លេង​បាន ១១០ ប្រកួត រក​បាន ៤២ គ្រាប់​ និង Assist ១៧ លើក ហើយ​បាន​ឈ្នះ​ពាន LaLiga ២ លើក។

លុះ​ទល់​សម័យ​កាល​លោក Pep Guardiola មក​ដឹកនាំ​ចន្លោះ​ឆ្នាំ ២០១៨-១២ Messi ក៏​កាន់​តែ​ធ្វើ​បាន​ល្អ​ខ្លាំង​ឡើង ដោយ ២១៩ ប្រកួត រក​បាន ២១១ គ្រាប់​និង Assist ៩៣ លើក ហើយ​ឈ្នះ​ពាន​ដល់​ទៅ ១៤ ឯ​ណោះ រួម​បញ្ចូល​ទាំង UCL ២ លើក។

ក្រោយ​ពេល​ដែល Pep ចាកចេញ លោក Tito Vilanova បាន​ដឹកនាំ​ចន្លោះ​ឆ្នាំ ២០១២-១៣ ហើយ​នៅ ៥០ ប្រកួត​របស់ Messi គេ​រក​បាន ៦០ គ្រាប់​និង Assist ១៦ លើក ហើយ​ឈ្នះ​ជើង​ឯក​នៅ​ពាន LaLiga។

រដូវ​កាល​ក្រោយ​ទៀត ផ្លាស់​មក​ដឹកនាំ​ដោយ​លោក Gerardo Martino ​គ្រា​ដែល​មាន Neymar មក​ដល់ M10 ក៏​រក​បាន ៤១ គ្រាប់​នៅ ៤៦ ប្រកួត តែ​ឈ្នះ​បាន​ត្រឹម​ពាន Supercopa de Espana មួយ​គត់។ រហូត​ដល់​សម័យ​កាល Luis Enrique មក​ដឹកនាំ ៣ ឆ្នាំ​ទល់​ឆ្នាំ ២០១៧ ជា​ពេល​ដែល​តំបន់​ប្រយុទ្ធ​របស់ Barca មាន Messi, Neymar និង Suarez ឬ​ហៅ​កាត់ MSN កំពុង​តែ​ល្បី​រន្ទឺ​ខ្លាំង​ឡើង ហើយ​ក៏​ធ្លាប់​បាន​ឈ្នះ​ពាន UCL ជាមួយ​គ្នា​ផង​ដែរ។ M10 គ្រា​នោះ​លេង ១៥៨ ប្រកួត រក​បាន ១៥៣ គ្រាប់​និង Assist ៧០ លើក។

អ្នកចាត់ការ​ទី ៦ គឺ​លោក Ernesto Valverde ក៏​នៅ​តែ​រាប់​ថា​ធ្វើ​បាន​ល្អ ត្បិត​បើ​មិន​បាន​ឈ្នះ​ពាន UCL ក៏​ដោយ តែ M10 រក​បាន ១១៣ គ្រាប់​និង Assist ៥០ លើក​នៅ ១២៨ ប្រកួត ហើយ​ឈ្នះ​ពាន​ចំនួន ៦។

មក​ទល់​ពេល​ចុង​ក្រោយ​នេះ ជា​យុគសម័យ​ដឹកនាំ​របស់​លោក Quique Setienដែល​នាំ​បរាជ័យ​ធំ​បំផុត​ដល់ Messi ពោល​ជា​លើក​ទី ១ ក្នុង​អាជីព ដែល M10 ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​គ្រូ​ដែល​មិន​អាច​ត្រួសត្រាយ​ផ្លូវ​ឲ្យ​ក្លឹប​ឈ្នះ​ពាន​សូម្បី​មួយ​ក្នុង​រដូវ​កាល​ទោល ហើយ​កីឡាករ​អាហ្សង់ទីន​រក​បាន​តែ ១៤ គ្រាប់​ប៉ុណ្ណោះ ក្រោម​ការ​ដឹកនាំ​របស់ Setien ចាប់​តាំង​ពី​ពាក់​កណ្តាល​ខែ​មករា​រៀង​មក៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT