អនុប្រធានគណៈកម្មាការរៀបចំការប្រកួតលីគបាល់ទាត់របស់ថៃ បានថ្លែងនៅក្នុងសន្និសីតសារព័ត៌មានបើកការប្រកួតលីគសប្តាហ៍ទី ២៥ ម្សិលមិញនេះថា សហព័ន្ធ និងគណៈកម្មការរៀបចំការប្រកួត កំពុងតែជជែកពិភាក្សាអំពីគម្រោងនឹងការដាក់ឲ្យដំណើរការមុខងារ VAR ( Video Assistant Referee ) នៅក្នុងរដូវកាល ២០១៩ បន្ទាប់ពីមានក្លិបមួយចំនួន បានស្នើរឲ្យប្រើប្រាស់គ្រប់ការប្រកួតទាំងអស់ ដើម្បីយុត្តិធម៌ និងតម្លាភាព ។
ក្នុងករណីនេះផងដែរ គណៈកម្មការរៀបចំការប្រកួតលីគ នឹងកោះហៅក្លិបទាំងអស់មកធ្វើការជជែកពិភាក្សាបន្ថែមទៀត ខណៈដែលបច្ចុប្បន្ន VAR ត្រូវបានប្រើប្រាស់តែសម្រាប់ ៣ ទៅ ៤ ប្រកួតប៉ុណ្ណោះ ខណៈដែលការប្រកួតលីគកំពូលថៃបច្ចុប្បន្នមាន ៩គូ និងបន្ថយមកនៅត្រឹម ៨គូ ចាប់ពីរដូវកាលក្រោយតទៅ។
គួរបញ្ជាក់ថា សម្រាប់សប្តាហ៍ទី ២៥ នេះផងដែរ VAR នឹងត្រូវប្រើប្រាស់ក្នុងការប្រកួតចំនួន ៣គូ រួមមាន Navy FC ប្រកួតជាមួយ Muangthong United, Pattaya Unitd ប្រកួតជាមួយ Chiangrai United រីឯ Police Tero ជួប Bangkok Glass ។
ប្រកួតសប្តាហ៍ទី ២៥បញ្ចប់ លីគកំពូលថៃ នឹងសម្រាក ដើម្បីផ្តល់ឱកាសឲ្យកីឡាករតាមក្លិបដែលត្រូវកោះហៅចូលក្រុមជម្រើសជាតិ ត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ Asian Games នៅប្រទេសឥណ្ឌូនេស៊ី ក្នុងខែសីហាខាងមុខនេះ ៕