ទី​បំផុត រក​ឃើញ​ហើយ ២ គូ​ចុង​ក្រោយ​ដែល​ត្រូវ​ជួប​គ្នា​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ UCL

ក្រោយ​ចប់​ការ​ប្រកួត​រវាង Manchester City និង Lyon ដែល​មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports នៅ​ប៉ុន្មាន​ម៉ោង​មុន​នេះ យើង​ក៏​សម្រេច​រក​បាន​ ៤ ក្រុម​ដែល​មាន​ឈ្មោះ បន្ត​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ UEFA Champions League។

នោះ​គឺ​ក្លឹប​អាល្លឺម៉ង់ RB Leipzig ត្រូវ​ជួប​គ្នា​ជាមួយ​ក្លឹប​បារាំង Paris Saint-Germain ស្រប​ពេល​ដែល Bayern Munich ត្រូវ​តតាំង​ក្រុម​ Lyon ហើយ​ការ​ប្រកួត​ទាំង​ពីរ​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ១៨/១៩ សីហា ក្នុង​ទឹកដី​ប្រទេស​ព័រទុយហ្គាល់​ដដែល ហើយ​មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports។

បញ្ជាក់​ថា​ក្នុង​ចំណោម​ក្រុម​ទាំង​ ៤ ដូច​បញ្ជាក់​ខាង​លើ គឺ​មាន​តែ Bayern Munich មួយ​គត់ ដែល​ធ្លាប់​មាន​ប្រវត្តិ​ឈ្នះ​ពាន​អឺរ៉ុប​មួយ​នេះ ហើយ​ឈ្នះ​បាន​ដល់​ទៅ ៥ លើក​ឯ​ណោះ ដោយ​លើក​ចុង​ក្រោយ​នា​រដូវ​កាល ២០១២-១៣ ខណៈ​ក្រុម​ ៣ ផ្សេង​ទៀត​មិន​ទាន់​ស្គាល់​រសជាតិ​សូម្បី​តែ​ម្តង។

ដោយឡែក​បើ​បង្វែរ​ទៅ​មើល​កីឡាករ​ផ្ទាល់ គឺ​នៅ​សេសសល់​ Robert Lewandowski ដែល​មាន​កំណត់ត្រា​សំខាន់ៗ​កំពុង​រង់ចាំ ក្នុង​នោះ​មាន​ដូច​ជា​ការ​តាម​បំបែក​កំណត់ត្រា ​រក​គ្រាប់​បាល់​ច្រើន​បំផុត​នៅ​មួយ​រដូវ​កាល UCL ដែល CR7 ធ្វើ​បាន​កាល​ពី​រដូវ​កាល ២០១៣/១៤ មាន ១៧ គ្រាប់ ខណៈ Lewandowski ​កំពុង​មាន ១៤ គ្រាប់ និង​កំណត់ត្រា​មួយ​ផ្សេង​ទៀត​ប្រសិន​ចំណោម​ ២ ប្រកួត​សេសសល់​ Bayern Munich អាច​បន្ត​ឡើង ហើយ​កីឡាករ​ប៉ូឡូញ​រក​បាន​ ៥ គ្រាប់ នោះ​គេ​នឹង​រំកិល​ឈ្មោះ​ជា Top Scorer លំដាប់​ទី ៣ នៅ​ប្រវត្តិសាស្ត្រ UCL ថែម​ទៀត​ផង​ដែរ៕​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT