ប៉ាគីអៅ​អាច​នឹង​ចាំ​សងសឹក Floyd សិន មុនចូលនិវត្ត ហើយ​ទៅ​ឈរ​ឈ្មោះ​ជា​បេក្ខភាព​ប្រធានាធិបតី

អ្នក​ប្រដាល់​ល្បី​ឈ្មោះ​ប្រចាំ​តំបន់​អាស៊ី Manny Pacquiao ​កំពុង​គិតគូរ​អំពី​ការ​ត្រៀម​ចូល​និវត្ត​ពី​សង្វៀន​ប្រដាល់ ដោយ​ចង់​ឆ្លង​កាត់​ត្រឹម ២ ប្រកួត​ទៀត​តែ​ប៉ុណ្ណោះ ហើយ​ងាក​ទៅ​ផ្តោត​សំខាន់​លើ​ការងារ​ក្នុង​ឆាក​នយោបាយ​វិញ។

តាម​ការ​បញ្ជាក់​ពី​គ្រូ​បង្វឹក​របស់ Pacquiao លោក Freddie Roach បាន​និយាយ​ប្រាប់​សារព័ត៌មាន Boxing Scene ថា​លោក​ក៏​នឹង​ចូលរួម​ចំណែក​ជួយ​ផ្សព្វផ្សាយ​ដល់​ការ​ឈរ​ឈ្មោះ​ជា​បេក្ខភាព​ប្រធានាធិបតី​ប្រចាំ​ប្រទេស​ហ្វីលីពីន សម្រាប់​សិស្ស​របស់​ខ្លួន​ផង​ដែរ។

លោក Roach បញ្ជាក់៖ “ខ្ញុំ​បាន​ជជែក​ជាមួយ Manny អំពី​ការ​ឡើង​សង្វៀន ២ ប្រកួត​ទៀត​សម្រាប់​អាជីព​របស់​គាត់ មុន​នឹង​ងាក​ទៅ​ផ្តោត​លើ​ការងារ​ឆាក​នយោបាយ​វិញ”។

សម្រាប់ ២ ប្រកួត​នោះ ត្រូវ​បាន​គេ​ដឹង​ថា​ទំនង​ជា​ការ​ប៉ះ​គ្នា​ជាមួយ​អ្នក​ប្រដាល់​អាមេរិក Mikey Garcia, Terence Crawford ឬ​អាច​ជា​ស្នើ​សុំ​ជួប​គ្នា​ទល់​អ្នក​ប្រដាល់​មិន​ដែល​ចាញ់ Floyd Mayweater។ ប៉ុន្តែ​ភាគរយ​ច្រើន​គេ​ជឿ​ថា​អាច​នឹង​មាន​ប្រកួត​ប៉ះ​គ្នា​ទល់ Mayweather ដោយ​នេះ​ជា​គូ​សងសឹង​ដ៏​ជក់ចិត្ត​មួយ មុនPacquiao ចូល​និវត្ត ព្រោះ​កាល​ពី​ឆ្នាំ ២០១៥ ​នៅ​ការ​ប្រកួត ១២ តឹក អ្នក​ប្រដាល់​ហ្វីលីពីន​ចាញ់​ទាំង​មិន​អស់​ចិត្ត ដោយសារ​បរាជ័យ​នៅ​វគ្គ​កាត់សេចក្តី​ដោយ​លទ្ធផល​ពិន្ទុ៕

ប្រភព៖ Insider

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT