៤ ចំណុច​ធំៗ​អ្នក​គួរ​ដឹង ​ពី​ក្លឹប​ទើប​បង្កើត​ថ្មី RB Leipzig ដែល​មាន​ឈ្មោះ​លេង​វគ្គ ៤ ក្រុម UCL

RB Leipzig បាន​យក​ឈ្នះ​នៅ​លទ្ធផល ២-១ ទៅ​លើ​ក្លឹប Atletico Madrid ​ឆក់​បាន​ឱកាស​ឆ្ពោះ​ទៅ​វគ្គ ៤ ក្រុម​ចុង​ក្រោយ​ UEFA Champions League។ វា​ជា​ប្រវត្តិសាស្រ្ត​លើក​ដំបូង​របស់​ក្លឹប​អាល្លឺម៉ង់​ ហើយ​ក៏​ជឿ​ថា​មាន​អ្នក​គាំទ្រ​ជា​ច្រើន​ប្រាកដ​ជា​ចង់​ដឹង​រឿង​ស៊ី​ជម្រៅ​អំពី​ក្លឹប​ទើប​បង្កើត​ថ្មី​មួយ​នេះ មុន​ដល់​ការ​ប្រកួត​វគ្គ​បន្ទាប់​ទល់ PSG នា​ពាក់​កណ្តាល​សប្តាហ៍​ក្រោយ។

CTS Sports ​លើក​មក​បង្ហាញ​នូវ​ ៤ ចំណុច​ធំៗ ដែល​អ្នក​គួរ​ដឹង​ពី​ប្រវត្តិ​និង​ភាព​ជោគជ័យ​របស់​ក្លឹប RB Leipzig៖

១) ប្រវត្តិ​និង​ការ​ផ្លាស់ប្តូរ​ឈ្មោះ


មិន​ខុស​ពី RB Salzburg និង New York Red Bulls ដោយ​ក្រុម RB Leipzig ក៏​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​នៃ​ក្រុមហ៊ុន​តែ​មួយ នោះ​គឺ Red Bull GmbH។ ប៉ុន្តែ​ក្លឹប​នេះ​ជា​ក្លឹប​បង្កើត​ក្រោយ ​ដោយ​បាន​លេច​ចេញ​ជា​រូបរាង​នៅ​ថ្ងៃ​ទី ១៩ ឧសភា ឆ្នាំ ២០០៩ គិត​មក​ទល់​ពេល​នេះ​មាន​អាយុកាល​ទើប​តែ​ ១១ ឆ្នាំ​ប៉ុណ្ណោះ។

ដំបូង​ឡើយ​វា​មាន​ឈ្មោះ​ថា Red Bull Leipzig ប៉ុន្តែ​សមាគម​បាល់ទាត់​អាល្លឺម៉ង់​ហៅ​កាត់ DFB បាន​ប្រកាស​ឲ្យ​ផ្លាស់ប្តូរ​ឈ្មោះ​នោះ​ចេញ ក្រោម​ហេតុផល​គិត​ថា​ ក្លឹប​បាន​ប្រើប្រាស់​ឈ្មោះ​ Red Bull ​ដើម្បី​ចង់​ទាញ​ប្រយោជន៍​ការ​ធ្វើ​ទីផ្សារ​ខ្លាំង​ពេក ទើប​ប្តូរ​មក​ជា​ពាក្យ​ខ្លី RB វិញ ហើយ​ក៏​មិន​សំដៅ​ទៅ​ពាក្យ​ពេញ Red Bull តែ​ជា​ពាក្យ​ថា <<RasenBallsport>> និង​សូម្បី​តែ Logo របស់​ក្លឹប​ក៏​បាន​ផ្លាស់ប្តូរ​ពី​ទម្រង់​ចាស់​មក​ទម្រង់​ថ្មី ពោល​មិន​អនុញ្ញាត​ឲ្យ​សំដៅ​ដល់​អត្តសញ្ញាណ​នៃ​ Logo របស់​ផលិតផល​ណា​មួយ​ឡើយ។​

២) ការ​វិវត្ត​ខ្លួន​ពី​លីគ​លំដាប់​ទី ៥ មក​លីគ​លំដាប់​ទី ១ Bundesliga
នៅ​រដូវ​កាល ២០០៩/១០ RB Leipzig បាន​ចាប់​ផ្តើម​ការ​ប្រកួត​អាជីព​ដំបូង​របស់​ពួក​គេ នៅ​លីគ​លំដាប់​ទី ៥ ហើយ​ឈ្នះ ២៦ ប្រកួត ស្មើ ២ ចាញ់ ២ ឈរ​ចំណាត់ថ្នាក់​ទី ១ និង​មាន​ឱកាស Promote មក​លេង​នៅ​លីគ​លំដាប់​ទី ៤ នា​ឆ្នាំ​បន្ទាប់។

រំលង​ប៉ុន្មាន​ឆ្នាំ ចូល​ដល់​រដូវ​កាល ២០៣/១៤ ក្លឹប RB Leipzig ​ក៏​មាន​ឱកាស​វិវត្ត​ទៅ​កម្រិត​មួយ​ផ្សេង​ទៀត​នៅ​លីគ​លំដាប់​ទី ៣ ហើយ​ប្រើ​ពេល​ត្រឹម​មួយ​រដូវ​កាល​ឡើង​បាន​ដល់​លីគ​លំដាប់​ទី ២ និង​នៅ​រដូវ​កាល ២០១៦/១៧ កាល​ពី ៤ ឆ្នាំ​មុន​នេះ ពួក​គេ​បាន​ Promote ឡើង​ដល់​លីគ​លំដាប់​ទី ១ Bundesliga ហើយ​រដូវ​កាល​ដំបូង​ឈរ​ចំណាត់ថ្នាក់​ទី ២ ក្នុង​លីគ​ថែម​ទៀត។

៤ រដូវ​កាល​ជាប់​គ្នា​នៅ Bundesliga ក្លឹប Leipzig បាន​ចំណាត់ថ្នាក់​មិន​ដែល​ហួស Top 6 ឡើយ ហើយ​នៅ​រដូវ​កាល ២០១៩/២០ នេះ ការ​ចូលរួម​ប្រកួត​នៅ​ពាន​អឺរ៉ុប UEFA Champions League ក៏​ក្លឹប​បង្កើត​កំណត់ត្រា​ជោគជ័យ​ថែម​ទៀត ដោយ​តាំង​ពី​រដូវ​កាល ២០១០/១១ ដែល Schalke 04ឡើង​បាន​ចុង​ក្រោយ​បង្អស់ គឺ​មិន​ទាន់​មាន​ក្លឹប​អាល្លឺម៉ង់​ណា​ផ្សេង​ទៀត​ក្រៅ​ពី Bayern និង Dortmund ​អាច​រំកិល​ខ្លួន​មក​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ UCL បាន​ឡើយ។

៣) កំណត់ត្រា​តម្លៃ​ផ្ទេរ​ចូល និង​តម្លៃ​រួម​នៃ​ក្រុម​ទាំង​មូល

Leipzig មិន​សូវ​ចំណាយ​ច្រើន​លើ​កីឡាករ​នោះ​ទេ ដោយ​កំណត់ត្រា​ផ្ទេរ​ចូល​ថ្លៃ​បំផុត គឺ​ក្លឹប​ចាយ​អស់​ត្រឹម ១៩ លាន​អឺរ៉ូ នោះ​គឺ​ការ​នាំ​យក​ខ្សែ​បម្រើ Dani Olmo និង Almadou Haidara នៅ​រយៈ​ពេល ២ ឆ្នាំ​ចុង​ក្រោយ។

ក្រឡេក​ទៅ​តម្លៃ​រួម​នៃ​ប្រព័ន្ធ​កីឡាករ​ក្នុង​ក្រុម​ទាំង​មូល ក៏ Leipzig មាន​តម្លៃ​ត្រឹម ៥០៧ លាន​អឺរ៉ូ នេះ​បើ​ធៀប​នឹង​ក្រុម​ដែល​ទើប​បរាជ័យ Barcelona ថ្លៃ​ដល់ ៩៨៣ លាន​អឺរ៉ូ ហើយ Atletico Madrid ​មាន​តម្លៃ ៧៨៤ លាន​អឺរ៉ូ និង​គូ​ប្រជែង​ត្រៀម​ប៉ះ​គ្នា PSG មាន​តម្លៃ ៨០១ លាន​អឺរ៉ូ។

៤) មាន​គ្រូ​ដឹកនាំ​វ័យ​ក្មេង​បង្អស់


នៅ​លីគ​កំពូល​ទាំង ៥ សួរ​ថា​នរណា​ជា​អ្នកចាត់ការ​វ័យ​ក្មេង​បង្អស់ ចម្លើយ​គឺ​គ្រូ​របស់ Leipzig នេះ​ហើយ លោក Julian Nagelsmann ដោយ​បច្ចុប្បន្ន​លោក​មាន​វ័យ ៣៣ ឆ្នាំ ហើយ​ក៏​ជា​គ្រូ​ដំបូង​ក្នុង​លោក​ដែល​អាច​ដឹកនាំ​ក្លឹប​ឡើង​មក​កាន់​វគ្គ ៤ ក្រុម​ចុង​ក្រោយ UCL ផង​ដែរ៕

ប្រភព៖ Wikipedia | TransferMarkt

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT