Pep ​ដាស់តឿន​កីឡាករ ​កុំ​មើល​ស្រាល Lyon ​ប្រកួត​យប់​នេះ​

​ក្រុម Manchester City ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម Lyon ​នៅ​ម៉ោង​២​រំលង​អាធ្រាត្រ​នេះ ​សម្រាប់​ការ​ប្រកួត​វគ្គ​៨​ក្រុម​ចុង​ក្រោយ UEFA Champions League ​។

​ដោយសារ​តែ​ការ​ប្រកួត UCL ​នៅ​ពេល​នេះ​លេង​តែ​មួយ​ជើង ​ហើយ​នៅ​ដី​កណ្ដាល​ថែម​ទៀត​នោះ ទើប​បាន​ជា​លោក Pep ​ថា​គ្មាន​ក្រុម​ណា​មាន​ប្រៀប​ជាង​ក្រុម​ណា​នោះ​ទេ។ Lyon ​ក៏​ជា​ក្រុម​មាន​សមត្ថភាព​មួយ​ដែរ ​មិន​អាច​មើល​ស្រាល​បាន​ឡើយ ខណៈ​ដែល​ការ​ប្រកួត​វិញ​មាន​តែ​មួយ​ជើង​ប៉ុណ្ណោះ។

​អ្នក​ចាត់ការ​ដែល​ទើប​ទម្លាក់​ក្រុម Real Madrid ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​៖ “វា​ដល់​ពេល​ដែល​យើង​ត្រូវ​បង្ហាញ​សមត្ថភាព​ហើយ។ ​ខ្ញុំ​ចង់​ឃើញ​ក្រុម​របស់​ខ្ញុំ ​បង្ហាញ​ថា​ពួកគេ​ជា​នរណា ជាមួយ​ការ​តាំង​ចិត្ត ​ប្រមូល​អារម្មណ៍ ​និង​ធ្វើ​ឱ្យ​បាន​ល្អ​បំផុត។ អ្វី​គ្រប់​យ៉ាង​សុទ្ធ​តែ​អាច​កើត​ឡើង​បាន​ក្នុង​ការ​ប្រកួត​តែ​មួយ​ជើង​បែប​នេះ។ ក្នុង​ការ​ប្រកួត​គ្មាន​ក្រុម​ណា​ជា​ក្រុម​ដែល​មាន​ភាគរយ​ឈ្នះ​ច្រើន​ជាង​គេ​នោះ​ទេ”៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT