នេះជាមូលហេតុសារី ម៉ាត់ណូរ៉ូទីន សម្រេចចិត្តវិលទៅណាហ្គាវិញ

ខ្សែបម្រើប្រយុទ្ធ សារី ម៉ាត់ណូរ៉ូទីន បានបង្ហាញខ្លួនសាជាថ្មីក្នុងនាមកីឡាករក្លិបណាហ្គាវើលដ៍ពេលប៉ះអគ្គិសនីកម្ពុជា ជើងទីមួយការប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ ២០២០ តទល់អគ្គិសនីកម្ពុជា កាលរាត្រីថ្ងៃពុធ ទី១២ ខែសីហា នាកីឡដ្ឋានខេមរភូមិន្ទ។

នេះជាការលេចមុខនៅក្រុមលោក មាស ចាន់ណា ម្ដងទៀត ក្រោយកីឡាករធ្លាប់ជាប់ជម្រើសជាតិកម្ពុជាខាងលើផ្លាស់ទៅវិសាខា កាលចុងឆ្នាំ២០១៨។ គេថា ការសម្រេចចិត្តវិលទៅកាន់ណាហ្គាវើលដ៍ជាលើកទីពីរ ដោយសារហេតុផលសំខាន់៣យ៉ាង។

ម៉ាត់ណូរ៉ូទីន ពន្យល់ “៖ខ្ញុំសប្បាយចិត្តចំពោះការវិលត្រលប់មកវិញនេះ។  ខ្ញុំខកខានការប្រកួតយូរបន្តិច តែគិតថាមិនថ្វីទេ ព្រោះខ្ញុំធ្លាប់លេងនៅទីនេះពីមុខស្រាប់។ អ្វីដែលសំខាន់ នេះជាជម្រើសល្អក្នុងការត្រលប់មកណាហ្គាសាជាថ្មី ព្រោះកន្លែងមួយដែលស័ក្ដិសម និងជាកន្លែងដែលតែងតែផ្តល់ឱកាសសម្រាប់ខ្ញុំ។ ខ្ញុំមកទីនេះផ្តោតទៅលើខ្លួនឯង និងក្រុម ជាមួយចំណុច៣យ៉ាង។ មួយ ខ្ញុំចង់ពង្រឹងខ្លួនឯងឲ្យល្អជាងនេះជាមួយក្រុម។ ពីរ ខ្ញុំចង់លើកពាននៅទីនេះសាជាថ្មី។ ចុងក្រោយ បើមានឱកាសខ្ញុំនឹងប្រឹងប្រែងឲ្យមានឈ្មោះក្រុមជម្រើសជាតិឡើងវិញ។”

សារី ម៉ាត់ណូរ៉ូទីន ធ្លាប់ចំណាយពេលនៅណហា្គវើលដ៍ពីចន្លោះរដូវកាល២០១៦ដល់២០១៨ និងបានលើកពាន Metfone Cambodian League នៅរដូវកាលចុងក្រោយនោះ មុនចំណាយពេលនៅរដូវកាល២០១៩ ដល់ដើម២០២០ នៅវិសាខា៕

អត្ថបទ៖ CNCC

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT