កីឡាករគុនខ្មែរ និងល្បុក្កតោ ជនជាតិបារាំងលោកDerek Bidaut ទទួលបានសញ្ជាតិខ្មែរ

លោក ​ដេ​រេ​ក ប៊ី​ដូ (Derek Bidaut)​ ដើមកំណើតជនជាតិ​បារាំង ទទួលបាន​សញ្ជាតិ​ខ្មែរ​ផ្លូវការ​ហើយពីរាជរដ្ឋាភិបាលកម្ពុជា កាលពីពេលថ្មីៗនេះ ដោយមាន​ឈ្មោះជាខ្មែរថា «​ចាន់ ឫទ្ធី​ស័ក្តិ​» ក្រោយពេលដែលលោក​ស្រឡាញ់ និងចូលប្រឡូកយ៉ាងសកម្មនៅក្នុងវិស័យ​ក្បាច់​ប្រដាល់គុនខ្មែរ និងកីឡា​គុន​ល្បុក្កតោ​ខ្មែរ ដោយបេះដូងរបស់លោកអស់រយៈពេលជាង១០ឆ្នាំ។

លោកបង្ហាញអារម្មណ៍​រីករាយជាខ្លាំង នៅពេលលោកទទួលបានសញ្ជាតិជាខ្មែរ​។ លោកបានលើកឡើងថា ដំបូងលោកបាន​ហ្វឹកហាត់​ក្បាច់​កុង​ហ្វូ​នៅ​ប្រទេស​កំណើត​ខ្លួន​។ ក្រោយពី​បានឃើញ​កីឡាករ បឺត ខាំ បង្ហាញ​ប្រដាល់គុនខ្មែរនៅទីនោះ ទើបទាក់ចិត្តលោកឱ្យ​ចាប់ចិត្ត​ស្រឡាញ់ ហើយ​បាន​សម្រេចចិត្ត​មក​ផ្សងព្រេង​នៅ​កម្ពុជា ដើម្បី​ហ្វឹកហាត់​ប្រដាល់គុនខ្មែរ។ ​បន្ត​បន្ទាប់លោក​ក៏​ស្រឡាញ់​គុន​ល្បុក្កតោ បន្ថែមទៀត ហើយ​បានបង្ហាញ​សមត្ថភាព​ខ្លួន​ក្នុង​ព្រឹត្តិការណ៍ជាតិ និងអន្តរជាតិនានា​។ ​បច្ចុប្បន្ន លោកជា​ម្ចាស់​ក្លឹប​កីឡា ​ Prodal fight & fitness studio នៅ​ខណ្ឌ​ទួលគោក​ រាជធានីភ្នំពេញ។

លោក អ៊ូ តារា អគ្គលេខាធិការ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាបញ្ជាក់ថា បុរសសញ្ជាតិដើមបារាំងរូបនេះ បានចូលហ្វឹកហាត់គុនល្បុក្កតោរបស់កម្ពុជាយូរឆ្នាំមកហើយ ពោលគឺចាប់តាំងពីឆ្នាំ២០១១ មកម៉្លេះ។ កន្លងមកនេះ លោក ដេ​រេ​ក ប៊ី​ដូ ឬចាន់ ឫទ្ធី​ស័ក្តិ​ តែងតែចូលរួមបង្ហាញក្បាច់គុនល្បុក្កតោនៅក្នុងព្រឹត្តិការណ៍ធំៗ ដូចជាកម្មវិធីអង្គរសង្រ្កាន្តជាដើម និងកម្មវិធីកីឡាជាច្រើនទៀត។ អគ្គលេខាធិការរូបនេះបន្ថែមទៀតថា កាលពីលោកនៅជាកីឡាករ ក៏ធ្លាប់បានហ្វឹកហាត់ជាមួយលោក ដេរេក ប៊ី​ដូ ដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT