Real Madrid ​ប្រកាស​ជា​ផ្លូវការ ​មិន​ទិញ​កីឡាករ​ថ្មី​ចូល​ទេ​

​ក្រុម​យក្ស​អេស្ប៉ាញ Real Madrid ​បាន​ប្រកាស​ជា​ផ្លូវការ​ហើយ​ថា ​ពួកគេ​នឹង​មិន​ចំណាយ​ប្រាក់​ច្រើន​ដើម្បី​ទិញ​ដូរ​កីឡាករ​ទេ ​នៅ​រដូវ​កាល​ដោះដូរ​កីឡាករ​នេះ ​ដោយសារ​តែ​បញ្ហា Covid-19 ​។

​លោក Jose Angel Sanchez ​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​ម្នាក់​របស់​ក្រុម Real Madrid ​បាន​ជួប​ជាមួយ​កីឡាករ​ទាំង​អស់​មុន​រំសាយ​ក្រុម​ដើម្បី​សម្រាក​លំហែកាយ។ ​ក្នុង​ឱកាស​នោះ​ដែរ ​លោក​បាន​បញ្ជាក់​ថា​ថ្នាក់​ដឹក​នាំ​ពេញ​ចិត្ត​សមាជិក​ទាំង​អស់​ក្នុង​ក្រុម ​បើ​ទោះ​ជា​លេង​នៅ​កម្រិត​អឺរ៉ុប​មិន​ជោគជ័យ​ក៏​ដោយ។ ស្រប​ពេល​បច្ចុប្បន្ន​ក្លឹប​កំពុង​ជួប​បញ្ហា​ហិរញ្ញវត្ថុ​ផង​នោះ ​នៅ​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ​នឹង​មិន​មាន​ទិញ​ដូរ​កីឡាករ​ថ្មី​នោះ​ទេ។

បើ​ទោះ​ជា​មិន​ទិញ​កីឡាករ​ថ្មី​ចូល​មែន ប៉ុន្តែ​ក្រុម Real Madrid ​នឹង​កោះ​ហៅ​កីឡាករ​ដែល​ដាក់​ឱ្យ​គេ​ខ្ចី​ជើង​​ល្អ​ៗ​នោះ​ត្រលប់​មក​វិញ។ ​ជាក់​ស្ដែង Martin Odegaard ​ត្រូវ​បាន​ក្រុម​លោក Zidane ​យក​ពី​ក្រុម Real Sociedad ​មក​វិញ​ហើយ។ តាម​គម្រោង​កីឡាករ​២​នាក់​ទៀត​គឺ​ Dani Ceballos ​និង​ Andriy Lunin ​ក៏​ត្រូវ​កោះ​ហៅ​ត្រលប់​មក​វិញ​ផង​ដែរ៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT