ដោយមិនមានការប្រកួតទី ១៦ នៃលីគកំពូលកម្ពុជា នៅចុងសប្តាហ៍នេះ ប៉ុន្តែក៏មានការប្រកួត ២គូផងដែរ ដោយសុទ្ធតែជាក្រុមខ្លាំងដែលត្រូវប៉ះគ្នា។
កាលវិភាគពីរគូដែលនឹងធ្វើការប្រកួតក្នុងថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០១៨នេះ៖
– ណាហ្គាវើល ជួប ភ្នំពេញក្រោន ម៉ោង ៣រសៀល (ស្តាតចាស់)
ក្រុមទាំងពីរនេះ នឹងត្រូវប្រកួតបង្គ្រប់សប្តាហ៍ទី ១៥ របស់ខ្លួន ដែលនៅសល់ក្រោយលើកកាលវិភាគ ពីសប្តាហ៍មុនមក ដោយជួបគ្នាកាលពីជើងទីមួយ ណាហ្គាវើល យកឈ្នះ ១ ទល់នឹង ០ ដែលជាការស៊ុតចូលទីដោយអតីតកីឡាករភ្នំពេញក្រោន Bisan George ។
ជាការពិត ណាហ្គាវើល ត្រូវការឈ្នះជាចាំបាច់ ទើបអាចរក្សាក្តីសង្ឃឹមប្រដេញពិន្ទុបន្តជាមួយបឹងកេត ស្របពេលដែលភ្នំពេញក្រោន ស្ទើតែអស់ឱកាសទៅហើយ ព្រោះមាន ២១ពិន្ទុប៉ុណ្ណោះ ដាច់ ១៨ពិន្ទុ ពីក្រុមកំពូលតារាង ។
– ក្រសួងការពារជាតិ ជួប បឹងកេត ម៉ោង ៦ល្ងាច (ស្តាតចាស់)
ក្រុមទាំងពីរ ត្រូវប្រកួតមុនគេសម្រាប់សប្តាហ៍ទី ១៦ ដោយសារបឹងកេត ត្រូវមានភារកិច្ចទទួលក្រុមជម្រើសកីឡាករលីគជប៉ុន ក្នុងប្រកួតមិត្តភាពនៅដើមខែសីហាខាងមុខនេះ។ ជួបគ្នាកាលពីជើងទីមួយ បឹងកេត ឈ្នះ ក្រសួងការពារជាតិ ២-០ ។ បឹងកេត នឹងត្រូវប្រកួតដោយគ្មានវត្តមានគ្រូបង្វឹក ដែលជាប់ពិន័យ ១ខែ របស់ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ខណៈដែលគ្រូក្រសួងការពារជាតិ អះអាងថា ត្រូវតែឈ្នះ ទើបអាចនៅមានសង្ឃឹមប្រជែងពាន ដាច់ខាតមិនចង់បានស្មើឡើយ ៕