Juventus ត្រូវ​ផ្តល់​ប្រាក់​សំណង​ឲ្យ Sarri ប៉ុន្មាន ក្រោយ​ដកចេញដូចស្ពៃ មុនចប់កុងត្រា ២ ឆ្នាំ?

បន្ទាប់​ពី​រង​បរាជ័យ​នៅ UEFA Champions League ក្រោម​ថ្វី​ជើង​របស់ Lyon ​មិន​ទាន់​ ២៤ ម៉ោង​ស្រួលបួល​ផង​នោះ ក្លឹប Juventus ក៏​ប្រកាស​ពី​ការ​បណ្ដេញ​ចោល​អ្នកចាត់ការ​លោក Maurizio Sarri ហើយ​ជំនួស​ភ្លាមៗ​នៅ​អតីត​ជើង​ចាស់​លោក Andrea Pirlo។

ការ​ដក​តំណែង​ឆៅៗ​បែប​នេះ មិន​មាន​ន័យ​ថា Juventus ​អាច​ឲ្យ​អ្នកចាត់ការ​សញ្ជាតិ​អ៊ីតាលី​ចាកចេញ​ទៅ ទាំង​ដៃ​ទទេ​នោះ​ទេ ពោល​គឺ​នៅ​តែ​មាន​ប្រាក់​សំណង​ផ្អែក​តាម​កុងត្រា​ដែល​បាន​ចុះ​ហត្ថលេខា​ជាមួយ​គ្នា​កាល​ពី​ពេល​មុន។

Sarri បាន​ចាកចេញ​ពី Chelsea មក​ដឹកនាំ​នៅ Juventus នា​ថ្ងៃ​ទី ១ ​កក្កដា ឆ្នាំ ២០១៩ ដោយ​ព្រមព្រៀង​លើ​កុងត្រា​រយៈ​ពេល ៣ ឆ្នាំ ហើយ​តម្លៃ​ពលកម្ម​ ១ រដូវ​កាល លោក​ទទួល​បាន​ប្រមាណ ៥ លាន​ផោន ដោយ​មិន​ទាន់​រាប់​ប្រាក់​លើក​ទឹកចិត្ត​ផ្សេងៗ។ ដូច្នេះ​ក្លឹប​ក៏​ត្រូវ​គោរព​លើ​កុងត្រា​ដែល​សេសសល់ រុញ​ឲ្យ​មាន​ការ​ទូទាត់​ប្រាក់​សំណង​សម្រាប់ Sarri ជាចាំបាច់ ដោយ​អាច​មាន​ចន្លោះ​ពី ១៨ ទៅ ២៧ លាន​ផោន ស៊ីសង​លើ​ Sarri ទៅ​ស្រវា​យក​ការងារ​ថ្មី​នៅ​ពេល​ណា កំឡុង​រយៈ​ពេល ២ ឆ្នាំ​បន្ទាប់​នេះ។

បញ្ជាក់​ថា Sarri ​បាន​ដឹកនាំ​ ៥១ ប្រកួត​នា​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​ជាមួយ Juventus ទទួល​បាន​ជ័យជម្នះ ៣៤ លើក ស្មើ ៨ លើក ចាញ់ ៩ លើក។ ជោគជ័យ​ត្រឹម​ពាន Serie A ដែល​ប្រកៀកប្រកិត​ពិន្ទុ​ជាមួយ Inter Milan មួយ​គត់ ក្រៅ​ពី​នោះ​ដូច​ជា Supercoppa Italiana និង Coppa Italia សុទ្ធ​សឹង​តែ​របូត​ចេញ​ពី​ដៃ​ទាំង​ស្រុង៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT