មុន​ប្រកាស​ក្ស័យធន Mike Tyson ​ធ្លាប់​ចាយវាយ​ធំ​លើ​របស់របរ​ទាំង ៤ នេះ

ក្នុង​អាជីព​លើ​សង្វៀន​ប្រដាល់ រយៈ​ពេល ២០ ឆ្នាំ​គិត​ចាប់​ពី​ឆ្នាំ ១៩៨៥ ដល់ ២០០៥ មុន​ពេល​ដែល​លោក​ប្រកាស​ក្ស័យធន​និង​ដក​ខ្លួន​ចេញ​ពី​វិស័យ​ប្រដាល់ តាម​របាយការណ៍​ពី Forbes គឺ​អ្នក​ប្រដាល់​សញ្ជាតិ​អាមេរិក​រូប​នេះ រក​ចំណូល​បាន​ដល់​ទៅ​ជាង ៦៨៥ លាន​ដុល្លារ។

ដោយសារ​ការ​ចាយ​វាយ​ធំ​ហួស​ប្រមាណ ​ក៏​ដូច​ជា​វក់វី​នឹង​ស្រី ​ជា​ហេតុ​រុញ​ឲ្យ Tyson បាន​ធ្លាក់​ខ្លួន​នៅ​ឆ្នាំ ២០០៣ ហើយ​ល្ហៀងៗ​ថា​ជាប់​បំណុល​ធនាគារ​ជាង ២៣ លាន​ដុល្លារ​ទៀត​ផង។ ត​ទៅ​នេះ CTS Sports ធ្វើ​ការ​បង្ហាញ​របស់​ធំៗ ៤ ដែល Tyson ធ្លាប់​បាន​ចំណាយ​ច្រើន​បំផុត​កំឡុង​ពេល​មាន​ទ្រព្យ​ច្រើន​នោះ។

៣) ភូមិគ្រឹះ​និង​ផ្ទះ​តម្លៃ​កប់​ពពក


សម័យ​ទសវត្ស​ឆ្នាំ ១៩៨០ Tyson បាន​រស់នៅ​ក្នុង​ភូមិគ្រឹះ​ដ៏​ធំ​មួយ នៅ​ឯ​ទីក្រុង Southington សហរដ្ឋអាមេរិក ដែល​វា​មាន​ផ្ទៃ​ដី​ជិត ២ ពាន់​ម៉ែត្រ​ការ៉េ។ មិន​ច្បាស់​ពី​តម្លៃ​ដើម​ដែល Tyson បាន​ចំណាយ​លើ​វា​នោះ​ទេ ដឹង​ត្រឹម​ថា​ពេល​ចុង​ក្រោយ​ដែល​លោក​លក់​វា​ចេញ​គឺ​ទទួល​បាន​ប្រាក់​ប្រមាណ ១៥ លាន​ដុល្លារ។

លោក​មិនមែន​មាន​ផ្ទះ​តែ​មួយ​កន្លែង​នោះ​ទេ ដោយ​តាម​ដឹង​គឺ​មាន​ពីរ​កន្លែង​ធំៗ​ផ្សេង​ទៀត​ក្នុង​ទីក្រុង Las Vegas គឺ​មួយ​តម្លៃ​ ២,១ លាន​ដុល្លារ និង​មួយ​ទីតាំង​ទៀត​តម្លៃ ២,៥ លាន​ដុល្លារ ប៉ុន្តែ​សុទ្ធ​តែ​បាន​លក់​ចេញ​ទៅ​វិញ​អស់​ហើយ។

២) ទិញរថយន្ត​សេរ៊ី​ទំនើប​សឹង​គ្រប់​ម៉ាក


រថយន្ត​សឹង​គ្រប់​ម៉ាក​ល្បី​នា​កំឡុង​ទសវត្ស​ឆ្នាំ ១៩៨០-៩០ នោះ​គឺ Tyson ប្តូរ​ឥត​ល្ហែ​មាន​តាំង​ពី Mercedes-Benz, Bentley, Lamborghini, Rolls-Royce, Aston-Martin និង Ferrari ជា​ដើម គឺ​គ្មាន​សេរ៊ី​ខ្ពស់​ណា​មួយ ដែល​លោក​រំលង​នោះ​ឡើយ។

៣) យក​ខ្លា​ធ្វើ​ជា​សត្វ​ចិញ្ចឹម


ពេល​កំពុង​ឡើង​កូដ​ខ្លាំង Mike Tyson ចិញ្ចឹម​សុទ្ធ​តែ​សត្វ​ខ្លា ហើយ​មាន​ក្នុង​ភូមិគ្រឹះ​របស់​លោក​ដល់​ទៅ ៣ ក្បាល​ឯ​នោះ។ វា​មាន​តម្លៃ​ប្រមាណ ៧០ ០០០ ដុល្លារ/ក្បាល ហើយ​សូម្បី​តែ​ថ្លៃ​ឈ្នួល​អ្នក​បង្ហាត់បង្រៀន​ខ្លា​នេះ​ដែល​លោក​បាន​ជួល​មក មួយ​ឆ្នាំ​ស៊ី​ថ្លៃ​ ១២៥ ០០០ ដុល្លារ​ឯ​ណោះ។

១) អាង​ងូត​ទឹក​មាស និង​ទិញ​ដី​ដាំ​កញ្ឆា


ក្រៅ​ពី​ផ្ទះ ឡាន និង​ការ​ចំណាយ​ផ្សេងៗ ក្រឡេក​ទៅ​មើល​បន្ទប់​ទឹក​របស់ Tyson ប្រើ​សុទ្ធ​តែ​អាង​ងូត​ទឹក ស្រោប​ដោយ​មាស​ ២៤ ការ៉ាត់ មាន​តម្លៃ​ជាង ២,២ លាន​ដុល្លារ។ ប្រភព​សារព័ត៌មាន​ក្រៅ​ស្រុក​ថា​កាល​នោះ Tyson ទិញ​ដើម្បី​ផ្គាប់​ចិត្ត​អតីត​ភរិយា​របស់​លោក។

លើស​ពី​នេះ Tyson ក៏​ត្រូវ​បាន​គេ​ដឹង ថា​មាន​ទិញ​ដី​មួយ​កន្លែង​ទំហំ​ជាង ១៦ ហិកតារ ដោយ​ពាក់​កណ្ដាល​នៃ​ដី​នោះ ​លោក​យក​ទៅ​ដាំ​កញ្ឆា និង​ផ្នែក​សេសសល់​ធ្វើ​ជា​រោងចក្រ​លើ​គោលបំណង​ផ្សេង។

បញ្ជាក់​ថា នេះ​គ្រាន់​តែ​ជា​អតីតកាល​របស់​អ្នក​ប្រដាល់​វ័យ ៥៤ ឆ្នាំ​តែ​ប៉ុណ្ណោះ ដោយ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​លោក​បាន​ត្រលប់​មក​រស់នៅ​ជីវិត​បែប​សាមញ្ញ​វិញ​ហើយ និង​ត្រៀម​ឡើង​សង្វៀន​ប្រដាល់​នា​ខែ​កញ្ញា​ទៀត​ផង។ ចំពោះ​ផ្នែក​ហិរញ្ញវត្ថុ​គិត​ត្រឹម​ឆ្នាំ ២០២០ Tyson មាន​ទ្រព្យសម្បត្តិ​ប្រមាណ ៣ លាន​ដុល្លារ តាម​រយៈ​ការ​កើប​ចំណូល​ពី​ការ​ប្រើប្រាស់​កេរ​ឈ្មោះ​ផ្សព្វផ្សាយ​ឲ្យ​ក្រុមហ៊ុន​ឬ​ស្ថាប័ន​នានា៕​

ប្រភព៖ Medium

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT