សាក​សួរនាំ​អំពី Messi ដឹង​កូន​បង្កើត​របស់ Maradona និយាយ​បែប​ម៉េច​អត់?

Lionel Messi ត្រូវ​បាន​គេ​ដឹង​ថា ​កីឡាករ​លំដាប់​កំពូល​មួយ​រូប​ក្នុង​ប្រវត្តិសាស្រ្ត​បាល់ទាត់ ហើយ​ក្រៅ​ពី​ការ​ប្រៀបធៀប​ជាមួយ CR7 ដែល​ជា​គូ​ប្រជែង​បច្ចុប្បន្ន ជា​ញឹកញយ​ក៏​ធ្លាប់​មាន​មតិ​ខ្លះ ធ្វើ​ការ​ប្រៀបធៀប​ទៅ​នឹង​អតីត​វីរបុរស​រួម​សញ្ជាតិ​អាហ្សង់ទីន​គឺ Diego Maradona ផ្ទាល់​ផង​ដែរ។

ប្រធានបទ​នេះ​ក៏​ត្រូវ​បាន​គេ​ជីក​កកាយ សាក​យក​មក​សួរនាំ​កូន​ប្រុស​របស់ Maradona ហើយ​ចម្លើយ​របស់​គេ គឺ​ពិត​ជា​ដូច​អ្វី​ដែល​អ្នក​រាល់​គ្នា​រំពឹង​ទុក។

ប្រាប់​នៅ​បទសម្ភាសន៍​ជាមួយ​ព័ត៌មាន SPORT ​កូន​ប្រុស​បង្កើត​របស់ Maradona លោក Diego Signara បាន​និយាយ​ថា៖ “Messi គេ​ពិត​ជា​អស្ចារ្យ​ខ្លាំង​ណាស់ ប៉ុន្តែ​បើ​ធៀប​ជាមួយ​នឹង​ឪពុក​របស់​ខ្ញុំ គឺ​មិន​អាច​ទៅ​រួច​នោះ​ទេ”។

លោក​បន្ថែម​ទៀត​ថា៖ “អ្នក​មិន​អាច​យក​មនុស្ស​ទៅ​ធៀប​នឹង​មនុស្ស​ក្រៅ​ភព​បាន​ឡើយ ដោយ​យើង​អាច​និយាយ​ថា Maradona ជា​ស្តេច​បាល់ទាត់ ហើយ Messi ជា​កីឡាករ​ល្អ​បំផុត​នៅ​ចំណោម​មនុស្ស​ក្នុង​លោក ខ្ញុំ​ពិត​ជា​សុំទោស តែ​វា​ជា​ការ​ពិត​គឺ​គ្មាន​នរណា​អាច​ឈាន​ដល់​កម្រិត​ឪពុក​ចំណាស់​របស់​ខ្ញុំ​បាន​ឡើយ វា​ពិត​ជា​មិន​អាច​ទៅ​រួច​មែន”។

គួរ​បញ្ជាក់​ថា Diego Signara ជា​កូន​ប្រុស​ច្បង​របស់ Maradona មាន​អាយុ ៣៣ ឆ្នាំ ហើយ​សព្វថ្ងៃ​កំពុង​បម្រើ​អាជីព​នៅ​ក្លឹប CD Guarnizo ​នៃ​ក្របខ័ណ្ឌ​លំដាប់​ទី ៤ របស់​បាល់ទាត់​នៃ​ប្រទេស​អេស្ប៉ាញ៕

ប្រភព៖ SportBible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT