អ្នកចាត់ការ ៣ រូប​ មាន​ភាគរយ​ខ្ពស់​ អាច​នឹង​មក​ជំនួស​តំណែង Sarri នៅ Juventus

នៅ​យប់​ថ្ងៃ​អាទិត្យ​ទី ០៨ ​សីហា ឆ្នាំ ២០២០ ក្លឹប Juventus បាន​ប្រកាស​អំពី​ដំណឹង​នៃ​ការ​ចែក​ផ្លូវ​ជាមួយ​អ្នកចាត់ការ​លោក Maurizio Sarri ពោល​គឺ​កើត​ឡើង​ប៉ុន្មាន​ម៉ោង ក្រោយ​សេះ​បង្កង់​រង​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់ Lyon នៅ​វគ្គ ១៦ ក្រុម​ចុង​ក្រោយ ព្រឹត្តិការណ៍ UEFA Champions League។

សេចក្តី​ថ្លែងការណ៍​របស់​ក្លឹប​អ៊ីតាលី បាន​សរសេរ៖ “Juventus សូម​ប្រកាស​ថា​លោក Maurizio Sarri បាន​ដក​ចេញ​ពី​តួ​នាទី​អ្នកចាត់ការ​របស់​ក្លឹប​ហើយ ដោយ​ក្លឹប​ក៏​សូម​អរគុណ​ដែល​កន្លង​មក​លោក​បាន​ប្រើប្រាស់​ពេលវេលា​ បន្ថែម​ភាព​ជោគជ័យ​ដល់​ប្រវត្តិសាស្ត្រ​របស់ Juventus តាម​រយៈ​ការ​ឈ្នះ​ពាន​លីគ ៩ រដូវ​កាល​ជាប់​គ្នា”។

ត្បិត​មក​ទល់​ពេល​នេះ​ក្លឹប​មិន​ទាន់​ប្រកាស​ពី​ឈ្មោះ​អ្នកចាត់ការ​ថ្មី​ក្តី ប៉ុន្តែ​តាម​តម្រុយ​នៃ​សារព័ត៌មាន​នានា​បាន​ឲ្យ​ដឹង​ថា មាន​បេក្ខភាព ៣ រូប​ជាប់​ភាគរយ​ខ្ពស់​ដែល​អាច​នឹង​មក​ស្នង​កៅអី​អ្នកចាត់ការ​ បន្ត​ពី​លោក Sarri។

ក្នុង​នោះ​ភាគរយ​ខ្ពស់​បំផុត គឺ​អ្នកចាត់ការ​បច្ចុប្បន្ន​របស់​ក្លឹប Lazio លោក Simone Inzaghi ដែល​បុរស​សញ្ជាតិ​អ៊ីតាលី​រូប​នេះ បាន​ត្រួសត្រាយ​ឲ្យ Lazio ទទួល​បាន​លទ្ធផល​ជា​ទីគាប់ចិត្ត​ទាំង​ការ​ជាប់​ចំណាត់ថ្នាក់ Top 4 នៅ Serie A ក៏​ដូច​ជា​ការ​ឈ្នះ​ពាន Suppercoppa Italiana បំបាក់ Juventus នេះ​ផង​ដែរ។

អ្នក​ទីពីរ​គឺ​អាច​ជា Zinedine Zidane ដោយ​អ្នកចាត់ការ​សញ្ជាតិ​បារាំង បាន​ជាប់​ចចាមអារ៉ាម​ថា​អាច​នឹង​មក​ Juventus តាំង​ពី​ឆ្នាំ​ទៅ​មក​ម្ល៉េះ ប៉ុន្តែ​អ្វី​ដែល​សំខាន់ ​ពេល​នេះ​គឺ​លោក​កំពុង​ជោគជ័យ​ជាមួយ Real Madrid ហើយ​កុងត្រា​សេសសល់​មាន​រយៈ​ពេល​ដល់​ឆ្នាំ​ ២០២២ ឯ​ណោះ។

ចុង​ក្រោយ​គឺ​អតីត​អ្នកចាត់ការ​របស់ Spurs លោក Mauricio Pochettino ដែល​បច្ចុប្បន្ន​នៅ​ឈរ​ជើង​ទំនេរ ​ក្រោយ​ខកខាន​ដឹកនាំ​តាំង​ពី ខែ​វិច្ឆិកា ​ឆ្នាំ ២០១៩ មក​ម្ល៉េះ៕​

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT