កម្ពុជាប្រកាសរាប់ថយក្រោយសម្រាប់ដំណើរឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមនៅ២០២៣

គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ហៅកាត់ គ.ជ.ប.អ. នៅរសៀលថ្ងៃនេះ បានរៀបចំពិធីរាប់ថយក្រោយ១.០០០ថ្ងៃ នៃដំណើរឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះនៃការប្រកួតស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២  នាឆ្នាំ២០២៣ខាងមុខ ។

ពិធីនេះក៏ត្រូវបានរៀបចំឡើងរួមគ្នាជាមួយនឹងពិធីប្រកាសពានរង្វាន់ជូនជ័យលាភី ស្លាកសញ្ញា-និមិត្តសញ្ញា ស៊ីហ្គេម  និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ផងដែរ ។

ពិធីនេះត្រូវបានរៀបចំឡើងនៅពហុកីឡាដ្ឋានជាតិមរតកតេជោ  ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និង ជារដ្ឋមន្រ្តីក្រសួងការពារជាតិ  និង ឯកឧត្តម ថោង  ខុន  រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.អ ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គ.ជ.ប.អ. បាននិយាយថា មហាព្រឹត្តិការណ៍នាឆ្នាំ ២០២៣ នឹងរៀបចំឡើងក្រោមបាវចនារបស់ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺ «កីឡារស់ក្នុងសន្តិភាព»។

ដំណើរឆ្ពោះទៅរៀបចំ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដោយចាប់រាប់ពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ តទៅរហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ដែលជាថ្ងៃពិធីបើកជាផ្លូវការ មានចំនួន១.០០០ថ្ងៃគត់។ រីឯពិធីរៀបចំធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម (កីឡាជនពិការ) លើកទី១២ ឆ្នាំ២០២៣ បន្ទាប់ពីបញ្ចប់ស៊ីហ្គេម លើកទី៣២ រយៈពេលជាង១០ថ្ងៃ ដែលមានកាលបរិច្ឆេទពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT