James Milner ខ្សែការពាររបស់ក្រុម Liverpool ជឿជាក់ថាខ្សែប្រយុទ្ធ Mohamed Salah នឹងនៅតែបន្ដធ្វើព្យុះភ្លៀងទៀតនៅលីគកំពូលអង់គ្លេស នារដូវកាលក្រោយនេះ។
រយៈពេល៦០ថ្ងៃហើយ ដែល Salah បាត់មុខពីក្លឹប Liverpool ក្រោយពីចាញ់នៅ UEFA Champions League វគ្គផ្ដាច់ព្រ័ត្រ។ ខណៈដែលថ្ងៃបង្ហាញខ្លួនដំបូងនៅពាន ICC នេះវិញ Salah ចូលលេងត្រឹម៥២វិនាទីប៉ុណ្ណោះ អាចរកគ្រាប់បាល់បានវិញហើយពេលលេងទល់ក្រុម Manchester City កន្លងទៅនេះ។ ខ្សែប្រយុទ្ធមុតស្រួចរបស់ក្រុមហង្សក្រហមខាងលើនេះ រំពឹងថានឹងនៅតែលេងល្អដូច្នេះ សម្រាប់ក្រុមនៅរដូវកាលក្រោយបន្ដទៀត។
ជាមួយគ្នានឹងទម្រង់លេងល្អនេះ Milner អតីតកីឡាកររបស់ Man City ដែលចូលលេងឱ្យ Liverpool ប៉ុន្មានរដូវកាលមកហើយនេះ បាននិយាយចំពោះទម្រង់លេងរបស់ Salah ថា៖ “គាត់នឹងនៅតែបន្ដអភិវឌ្ឍសមត្ថភាពបន្ថែមទៀត។ យើងនឹងនៅទីនេះ ដើម្បីជួយគេសម្រេចបំណង និងក្លាយជាកីឡាករកំពូលលើលោកនេះ។ គាត់បានបង្ហាញរដូវកាលមុនរួចហើយ ដូច្នេះរដូវកាលនេះគាត់នឹងនៅតែបន្ដធ្វើព្យុះភ្លៀងជាមួយហង្សក្រហម”
ខ្សែប្រយុទ្ធវ័យ២៦ឆ្នាំរូបនេះ ចូលរួមជាមួយក្រុម Liverpool រដូវកាលមុន និងបានក្លាយជាខ្សែប្រយុទ្ធកំពូលជាប់ឈ្មោះជា Top Scorers នៅលីគអង់គ្លេសតែម្ដង បើទោះជាមិនបានជួយក្រុមលើកពាន Premier League ក៏ដោយ៕ប្រភព៖ DailyMail