៣ក្រុមឈ្នះគូប្រកួត ថ្ងៃបើកឆាកសប្តាហ៍ទី១ លីគបាល់បោះកម្ពុជា ឆ្នាំ២០២០

ការប្រកួតលីគបាល់បោះកម្ពុជា រដូវកាល ២០២០ ដែលមានក្រុមចូលរួមប្រជែងជើងឯកចំនួន៧ ក្រុមបាន ចាប់ផ្តើមសប្តាហ៍ទី១ ដែលមាន៣ប្រកួតកាលពីល្ងាចថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ នៅសាលមជ្ឈមណ្ឌល ជាតិហ្វឹកហ្វឺនកីឡា នៃពហុកីឡដ្ឋានជាតិអូឡាំពិក។

ក្នុង៣ប្រកួតនេះរួមមាន៖ ក្រុម Extra Joss Fighters យកឈ្នះក្រុម Yi Li Beyond ដោយលទ្ធផល ៦៨ទល់ ៥៤, ក្រុម Master Tapsi ចាញ់ Dragons ៥៨ទល់ ៦៩ ខណៈក្រុម Yuetai Mekongers យកឈ្នះ​៧៥ទល់៤២។

យោងតាមកម្មវិធីប្រកួតរបស់សហព័ន្ធកីឡាបាល់បោះកម្ពុជាបានឱ្យដឹងថា ក្រុមទាំង៧នឹងត្រូវចូល​រួម​ប្រកួត​សន្សំពិន្ទុវិលជុំ ដោយត្រូវជួបគ្នាគ្រប់ក្រុមទាំងអស់រហូតដល់វគ្គផ្តាច់ព្រ័ត្រប្រើប្រាស់រយៈពេល២០​សប្តាហ៍។

ក្នុងនោះ១៤សប្តាហ៍ជាវគ្គសន្សំពិន្ទុចំនួន២ជើង ហើយក្រុមចំណាត់ថ្នាក់លេខ៣ដល់លេខ៦​ប្រកួត​ជម្រុះ ដើម្បីចម្រាញ់រក២ក្រុមខ្លាំងៗឡើងទៅប្រកួតបន្តជាមួយក្រុមលេខ១ និងលេខ២ ដែលរង់ចាំ សម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលក្នុង១ក្រុមប៉ះគ្នា៣ប្រកួត ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រ ដណ្តើម​ម្ចាស់ដំណែងជើងឯក និងរងជើងឯក ដែលគ្រោងធ្វើឡើង នាថ្ងៃអាទិត្យ ទី២០ ខែធ្នូ ឆ្នាំ២០២០៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT