ល្មម Real បុក​ពោះ​នៅ​ជើង​ទី ២ ក្រោយ​មើល​ស្ថិតិ​ចាស់​ពេល​លេង​អត់ Ramos

Real Madrid នឹង​ត្រូវ​តតាំង​ក្លឹប Man City នៅ​ជំនួប​ជើង​ទី ២ នៅ​ឯ​កីឡដ្ឋាន Etihad នា​ថ្ងៃ​ទី ​៨ សីហា វេលា​ម៉ោង ០២:០០ នាទី​រំលង​អាធ្រាត្រ មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports។

ត្បិត​មិន​ទាន់​ប្រកាស​ពី​សមាសភាព​កីឡាករ​ត្រូវ​ចូលរួម​ប្រកួត​ច្បាស់ការ ប៉ុន្តែ​បើ​និយាយ​ពី​កីឡាករ​ដែល​អវត្តមាន គឺ​ច្បាស់លាស់​ហើយ​ចំពោះ​ឈ្មោះ​ខ្សែ​ការពារ Sergio Ramos។

នោះ​ក៏​ដោយសារ Ramos រង​ជាប់​ពិន័យ​កាត​ក្រហម កាល​ពី​ជើង​ទី ១ ក្រោយ​បង្ក​កំហុស​ទៅ​លើ​ខ្សែ​ប្រយុទ្ធ​ Gabriel Jesus របស់ M.City។ បែប​នេះ​មាន​ន័យ​ថា នៅ​តំបន់​ការពារ​របស់​ស្តេច​ស​ Madrid នឹង​ត្រូវ​ចន្លោះ​ប្រហោង​ខ្សែ​ការពារ​កណ្ដាល​សញ្ជាតិ​អេស្ប៉ាញ។ City មាន​គ្រាប់​បាល់​ចំណេញ​ក្រៅ​ដី ២ គ្រាប់ ដែល​រុញ​ឲ្យ​ជើង​ទី ២ ពួក​គេ​មាន​ឱកាស​ច្រើន ដរាប​ណា Real មិន​អាច​យក​ឈ្នះ​នៅ​លទ្ធផល ២-០ បាន​នោះ។

វា​ពិត​ជា​បញ្ហា​ដ៏​គួរ​ឲ្យ​បារម្ភ​សម្រាប់​ Madrid ​ព្រោះ​បើ​ក្រឡេក​ទៅ​មើល​ស្ថិតិ​ចាស់ៗ​កន្លង​មក ពេល​ដែល Madrid គ្មាន Ramos ចូល​លេង​នៅ​ប្រកួត​ពាន​អឺរ៉ុប ៦ ប្រកួត​ចុង​ក្រោយ ក្លឹប​ឈ្នះ​តែ ១ លើក​គត់ និង​ចាញ់​ដល់​ទៅ ៥ លើក​ឯ​ណោះ។

ជ័យជម្នះ ១ លើក​នោះ គឺ​កាល​ប៉ះ​ក្រុម Club Brugge ​ថែម​ទៀត ហើយ​ជា​ការ​យក​បាន ៣ ពិន្ទុ​ឥត​ន័យ ព្រោះ​ក្រុម​ជាប់​ឈ្មោះ​ឆ្លង​ផុត​វគ្គ​ចែក​ពូល​ទៅ​ហើយ។

រំឭក​ថា​ចាប់​តាំង​ពី​មក​ចូលរួម​នៅ Real Madrid ខ្សែ​ការពារ​លេង​កាច Ramos បាន​ខកខាន​ការ​ចូលរួម​ប្រកួត​នៅ UCL ចំនួន ៣០ លើក ធៀប​នឹង​ប្រកួត​សរុប​របស់​ក្លឹប ដោយសារ​បញ្ហា​របួស ការ​ពិន័យ ក៏​ដូច​ជា​ការ​សម្រេច​របស់​អ្នកចាត់ការ ហើយ​ចំណោម​នោះ​ឈ្នះ ១៩ លើក ស្មើ ៣ ចាញ់ ៨ តែ​អ្វី​ដែល​ជា​បញ្ហា​គឺ ៦២,៥ ភាគរយ​នៃ​បរាជ័យ​ទាំង​អស់ គឺ​កើត​ឡើង​នៅ ៦ ប្រកួត​ចុង​ក្រោយ​ពេល​ដែល​គ្មាន​វត្តមាន​របស់ Ramos៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT