ធ្លាប់​តតាំង​រៀម​ច្បង​ច្រើន​ហើយ យុវជន Moise Kean ថា ២ រូប​នេះ​ខ្លួន​គិត​ថា​លំបាក​បំផុត

Moise Kean ធ្លាប់​ឆ្លង​កាត់​ការ​លេង​ឲ្យ​ឈុត​ធំ​នៅ​ក្លឹប Verona, Juventus និង Everton នៅ​រយៈ​ពេល​ជាង ៣ ឆ្នាំ​ចុង​ក្រោយ ហើយ​មក​ទល់​ពេល​នេះ​គេ​ទើប​តែ​មាន​អាយុ ២០ ឆ្នាំ​ប៉ុណ្ណោះ។

ត្បិត​មិន​សូវ​ជា​លេចធ្លោ​ខ្លាំង​ដូច​យុវជន​កំពូលៗ​ឯ​ទៀត តែ Keane ក៏​នៅ​អាច​រាប់​ជា​គ្រាប់​ពេជ្រ​ដ៏​សំខាន់​មួយ​របស់​ Everton នា​រដូវ​កាល ២០១៩/២០ ផង​ដែរ។

ទន្ទឹម​នឹង​ក្រុម​ចាស់ Juventus លើក​ពាន Serie A ថ្មីៗ​នេះ កីឡាករ​អ៊ីតាលី​បាន​ឆ្លៀត​សរសើរ​មិន​ដាច់​ពី​មាត់​ដល់​រៀម​ច្បង​នៅ​ទ្រនំ​ចាស់ Cristiano Ronaldo ដោយ​គេ​និយាយ​ថា៖ “គ្រប់​គ្នា​ដឹង​ហើយ​ថា​គាត់​ជា​កីឡាករ​ដ៏​អស្ចារ្យ ល្អ​បំផុត និង​ជា​មនុស្ស​ដ៏​ល្អ​ម្នាក់​ផង​ដែរ ព្រោះ​គាត់​បាន​ជួយ​ខ្ញុំ​ច្រើន​ណាស់​កាល​ខ្ញុំ​នៅ Juventus”។

សួរនាំ​ដល់​រឿងរ៉ាវ​គូ​ប្រជែង​ដែល Keane គិត​ថា​លំបាក​នឹង​តតាំង​បំផុត គេ​ក៏​និយាយ​ដល់​គូ​ប្រជែង​នៅ​ក្លឹប PSG នោះ​គឺ៖ “មាន ២ នាក់ គឺ Neymar និង Angel di Maria ដែល​ខ្ញុំ​ធ្លាប់​បាន​តតាំង​ពួក​គាត់​កាល​លេង​ឲ្យ Juventus ត​ទល់ PSG ដោយ​ពួក​គាត់​ពិត​ជា​កីឡាករ​ដ៏​អស្ចារ្យ​ខ្លាំង​ណាស់”៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT