ប្រធាន​ក្លឹប Napoli ថា​មុន​យក Osimhen ​ខ្លួន​ក៏​មាន​ជម្រើស​យក​កីឡាករ Real ម្នាក់​នេះ​ដែរ

ប្រធាន​ក្លឹប Napoli លោក Aurelio de Laurentiis បាន​បង្ហាញ​ច្បាស់ៗ​ថា​ក្លឹប​របស់​ខ្លួន ​ក៏​មាន​ឱកាស​ក្នុង​ការ​ចុះ​ហត្ថលេខា​នាំ​យក Luka Jovic ពី​ក្លឹប Real Madrid ផង​ដែរ តែ​ដោយសារ​មាន​ជម្រើស​ច្រើន ទើប​បញ្ចប់​ការ​ចុះ​ហត្ថលេខា​យក Victor Osimhen ពី Lille វិញ។

ប្រាប់​សារព័ត៌មាន CdS ក្រោយ​ពី​បាន​ទិញ​យក Osimhen នៅ​តម្លៃ ៧០ លាន​អឺរ៉ូ នាម​ជា​កីឡាករ​នៅ​ទ្វីប​អាហ្វ្រិក​មាន​តម្លៃ​ថ្លៃ​បំផុត លោក Aurelio សង្កត់​ធ្ងន់៖ “យើង​បាន​ជួប​ជាមួយ Ramadani ជា​ភ្នាក់ងារ​របស់ Jovic ដោយ​យើង​ក៏​អាច​នឹង​ចុះ​ហត្ថលេខា​យក​ខ្សែ​ប្រយុទ្ធ​របស់ Real Madrid ដែរ ហើយ​យើង​ក៏​បាន​ជួប​ជជែក​អំពី Azmoun របស់​ក្លឹប Zenit ទៀត​ផង”។

លោក​បន្ថែម៖ “ប៉ុន្តែ​ពេល​យើង​មាន​លទ្ធភាព​អាច​ចុះ​ហត្ថលេខា​យក Osimhen យើង​ក៏​សម្រេច​យក​គាត់​តែ​ម្តង​ទៅ”។

បញ្ជាក់​ថា​សម្រាប់ Jovic គឺ​ជា​ខ្សែ​ប្រយុទ្ធ​របស់ Real Madrid ដែល​មាន​តម្លៃ​ថ្លៃ​មួយ​រូប​ផង​ដែរ តែ​មិន​សូវ​បាន​លេង​ពេញជើង​ក្រោម​ការ​ដឹកនាំ​របស់ Zidane នោះ​ឡើយ។ ក្រៅ​ពី Napoli សូម្បី​ក្លឹប AC Milan ក៏​ឆ្មក់​រក​ឱកាស​ល្អ​ចង់​នាំ​យក​កីឡាករ​ស៊ែប៊ី​រូប​នេះ​ផង​ដែរ៕

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT