បិទវគ្គបណ្តុះបណ្តាលគ្រូបង្វឹកប្រដាល់គុនខ្មែរ ថ្នាក់ដឹកនាំកីឡាជំរុញឲ្យខិតខំសម្រួចគោលដៅឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣

CAMSOC-ភ្នំពេញ៖ វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាប្រដាល់គុនខ្មែរ កម្រិតបឋមបានបញ្ចប់ដោយជោគជ័យ នាល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ បន្ទាប់ពីដំណើរការរយៈពេល៤ថ្ងៃ នៅពហុកីឡដ្ឋានជាតិ ដោយថ្នាក់ដឹកនាំក្នុង វិស័យកីឡាបានលើកឡើងពីវគ្គបណ្តុះបណ្តាលនេះគឺជាផ្នែកដ៏សំខាន់ ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣។

តាមការវាយតម្លៃពីប្រធានគ្រប់គ្រងវគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមជាគ្រូបង្វឹកប្រដាល់គុនខ្មែរមកពីសមាគមក្លឹបចំនួន២៦នាក់ ដោយមាននិទ្ទេសល្អ ១០នាក់, ល្អបង្គួរ ១១នាក់ និងនិទ្ទេសមធ្យម ៥នាក់។

ថ្លែងនៅក្នុងឱកាសបិទវគ្គសិក្សានេះ ឯកឧត្តម តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ មានក្តីរីករាយដែលសិក្ខាកាមជាគ្រូបង្វឹកទាំង២៥នាក់ ទទួលបានការវាយតម្លៃខ្ពស់ ដោយមិនមានអ្នកធ្លាក់។ អ្វីដែលសំខាន់បំផុតទៀតនោះ គឺការយកចំណេះដឹងទាំងនេះ ទៅបន្តការអនុវត្តជាក់ស្តែង ដើម្បីរួមគ្នាអភិវឌ្ឍវិស័យកីឡាប្រដាល់គុនខ្មែរអោយកាន់តែប្រសើរបន្ថែមទៀត។ ឯកឧត្តម ជឿជាក់ថា សិក្ខាកាមទាំងអស់នឹងក្លាយជាអ្នកដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍ ហើយក៏មិនមែនជាជនសាមញ្ញនោះទេ មានន័យថា អ្នកទាំងអស់គ្នាគឺជាជនគំរូល្អ។ តាមរយៈវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តមរំពឹងថា គ្រូបង្វឹកនានា នឹងបន្តរួមគ្នាផលិតធនធានកីឡាករ កីឡាការិនីឲ្យមានគុណភាពទាំងបរិមាណ គុណភាព វិន័យ ក្រមសីលធម៌ ជាពិសេសគឺយើងទាំងអស់គ្នារួមគ្នាសម្រចគោលដៅ ក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ នៅកម្ពុជា។

ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡានៃក្រសួងអប់រំ យុវជន និងកីឡា បានវាយតម្លៃខ្ពស់ចំពោះសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដែលខិតខំប្រឹងប្រែងក្នុងវគ្គបណ្តុះបណ្តាលគ្រូបង្វឹក ក៏ដូចជាការខិតខំក្រេបយកចំណេះដឹងពីគ្រូឧទ្ទេស ដើម្បីអភិវឌ្ឍកាន់តែប្រសើរបន្ថែមទៀត។ កីឡាប្រដាល់គុនខ្មែរ គឺជាប្រភេទកីឡាដ៏មានប្រជាប្រិយនៅកម្ពុជា និងមានសក្តានុពល ដែលស្ថិតនៅក្នុងបញ្ជីសម្រាប់ឆ្ពោះទៅ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ហើយដើម្បីគំាទ្រដល់ដំណើរការនេះឲ្យទទួលបានជោគជ័យនៅក្នុងការទទួលធ្វើម្ចាស់ផ្ទះជាលើកដំបូងរបស់ខ្លួន ក្រសួងអប់រំ យុវជន និងកីឡា ក៏ជាសមាជិករបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ក៏តែងតែអនុវត្តតាមផែនការមេ ដែលរាជរដ្ឋាភិបាលកម្ពុជា បានអនុម័តកាលពីឆ្នាំ២០១៦ កន្លងទៅ។

ឯកឧត្តមអគ្គនាយកកីឡាបានរំឭកថា សមិទ្ធផលស៊ីហ្គេម ជាបន្តបន្ទាប់ ជាពិសេសគឺស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន កាលពីឆ្នាំ២០១៩ កន្លងទៅ កម្ពុជាបានបង្កើនមេដាយមាស ប្រាក់ និងសំរឹទ្ធសរុបចំនួន៤៦វិញ្ញាសា ដែលនេះគឺជាមោទនភាពកើតចេញពីការរួបរួមគ្នាពីគ្រប់សហព័ន្ធកីឡាជាតិទាំងអស់។

ឯកឧត្តម អ៊ុក សិទ្ធិជាតិ ក៏បានជម្រាបជូនដែរថា បច្ចុប្បន្ន ក្រសួងអប់រំ យុវជន និងកីឡា កំពុងធ្វើកំណែទម្រង់ស៊ីជម្រៅ ដោយយោងតាមផែនការមេ ក៏ដូចជានៅក្នុងគោលនយោបាយជាតិ ដែលបានធ្វើប្រតិភូកម្មមុខងារដល់សហព័ន្ធកីឡាជាតិនានា ដើម្បីគាំទ្រដល់ដំណើរការអភិវឌ្ឍខ្លួនឯងនូវប្រភេទកីឡានីមួយៗកាន់តែល្អប្រសើរ។ នៅក្នុងឆ្នាំ២០២០ ក្រសួងអប់រំ យុវជន និងកីឡាបានផ្តល់ជូនថវិកាគាំទ្រជូនដល់៤២សហព័ន្ធកីឡាជាតិ សម្រាប់ការអភិវឌ្ឍរបស់សហព័ន្ធកីឡាជាតិនីមួយៗ ដោយមានបីគោលដៅ គឺប្រើប្រាស់សម្រាប់ផ្នែករដ្ឋបាល ២០%, ការបណ្តុះបណ្តាលធនធានមនុស្ស ៣៥% និងការប្រកួតចំនួន៤៥% ដោយការផ្ទេរថវិកាគំាទ្រនេះតាមរយៈប្រព័ន្ធធនាគារ ដើម្បីឲ្យការប្រើប្រាស់ថវិកាជាតិនេះ មានតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពជាដើម៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT