គ្រូ​បង្វឹក​ប្រេស៊ីល ​ត​កុងត្រា​ដឹក​នាំ​រហូត​ដល់​ឆ្នាំ​២០២២

លោក Tite ​ត្រូវ​បាន​សហព័ន្ធ​កីឡា​បាល់ទាត់​ប្រេស៊ីល ​គាំទ្រ​ឱ្យ​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​រហូត​ដល់​ឆ្នាំ​២០២២ ​ដែល​ជា​ឆ្នាំ World Cup ​ធ្វើ​នៅ​ប្រទេស​កាតា។

ត្បិត​តែ​ប្រេស៊ីល​រង​ការ​ឈឺ​ចាប់​នៅ World Cup 2018 ​នេះ​មែន ​ប៉ុន្តែ​សហព័ន្ធ​របស់​ប្រទេស​នេះ​នៅ​តែ​គាំទ្រ​គ្រូ​បង្វឹក Tite ​ដដែល។ ​សហព័ន្ធ​បាល់ទាត់​ប្រេស៊ីល (CBF) ​បាន​បញ្ជាក់​ថា Tite ​នៅ​តែ​ជា​គ្រូ​បង្វឹក​សំខាន់​សម្រាប់​ប្រេស៊ីល​សម្រាប់​ពាន​រង្វាន់​ផ្សេង​ៗ​ទៀត។ ពួកគេ​ចង់​បន្ដ​កុងត្រា​ដល់​លោក រហូត​ដល់​ឆ្នាំ​២០២២ ​ដើម្បី​ឱ្យ​ប្រេស៊ីល​មាន​ឱកាស​ប្រជែង​ពាន​រង្វាន់ World Cup ​ម្ដង​ទៀត ក្រោម​ការ​ដឹក​នាំ​របស់​លោក Tite ។

“យើង​ជឿ​ជាក់​ថា​ការ​ថែ​ទាំ ​គម្រោង​ការ ​និង​សកម្មភាព​ខិត​ខំ​ប្រឹងប្រែង​របស់​យើង ​នឹង​នាំ​ឱ្យ​ប្រេស៊ីល​ទទួល​បាន​លទ្ធផល​ល្អ​នៅ​ពេល​ខាង​មុខ​នេះ។ យើង​បាន​ស្រាវជ្រាវ រក​គ្រូ​បង្វឹក​ម្នាក់​ដើម្បី​ឱ្យ​ធ្វើ​ការ​រយៈ​ពេល​វែង ​ហើយ​យើង​ក៏​នឹង​ជឿ​ជាក់​ទៅ​លើ​ការ​ដឹក​នាំ​របស់​លោក Tite ​ដែរ”។ សម្ដី​របស់​លោក​Rogerio Caboclo​ ប្រធាន​ផ្នែក​បច្ចេកទេស​របស់​សហព័ន្ធ​បាល់ទាត់​ប្រេស៊ីល។

បុរស​វ័យ​៥៧​ឆ្នាំ​ចូល​ដឹក​នាំ​ក្រុម​ប្រេស៊ីល​នៅ​ឆ្នាំ​២០១៦ ​គ្រា​ដែល​ក្រុម​ជម្រើស​ជាតិ​នេះ​កំពុង​ដុនដាប​ក្រោម​ការ​ដឹក​នាំ​របស់​លោក Dunga ។ វត្តមាន​របស់​លោក Tite ​បាន​ធ្វើ​ឱ្យ​ប្រេស៊ីល​មាន​កម្លាំង​ចិត្ត​ឡើង​វិញ រហូត​ដល់​ឈរ​នៅ​លេខ​១ ក្នុង​ការ​ប្រកួត​ជម្រុះ​តាម​ទ្វីប​មក World Cup ​ដោយ​មិន​មាន​ការ​ចាញ់​ទាល់​តែ​សោះ។ គេ​គួរ​ឱ្យ​សោកស្ដាយ ​ពួកគេ​ធ្លាក់​ត្រឹម​វគ្គ​៨​ក្រុម​ចុង​ក្រោយ ក្រោម​ថ្វី​ជើង​របស់​ក្រុម​បែលហ្សិក​ក្នុង​លទ្ធផល ២-១៕ប្រភព៖ DailyMail

 

 

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT