ហេតុផល​នេះ​ហើយ ដែល Ronaldo ​មិន​ឲ្យ​កូន​ច្បង Junior ប្រើ​របស់​ទំនើប ទោះ​មាន​ទ្រព្យ​រាប់​លាន

Cristiano Ronaldo ជា​កីឡាករ​ដែល​រក​បាន​ប្រាក់​ចំណូល​ច្រើន​ដាច់​គេ​មួយ​ក្នុង​វិស័យ​បាល់ទាត់ ហើយ​សព្វថ្ងៃ​កំពុង​ក្តោបក្តាប់​ទ្រព្យ​សម្បត្តិ​រួម​ខ្ទង់ ៥០០ លាន​ដុល្លារ​អាមេរិក។

ត្បិត​រស់នៅ​ជាមួយ​ទ្រព្យ​ដ៏​ច្រើន​សន្ធឹក ដែល​អាច​ទិញ​អ្វី​បាន​តាម​ចិត្ត​ក្តី ប៉ុន្តែ​ជាមួយ​កូន​ប្រុស​របស់​ខ្លួន គឺ​កីឡាករ​មាន​ដើម​កំណើត​នៅ​ប្រទេស​ព័រទុយហ្គាល់ មិន​សូវ​បើក​ដៃ និង​ទម្លាប់​ឲ្យ​កូន​ចាយវាយ​ធំ​នោះ​ឡើយ។

ជា​ពិសេស​គឺ​ជាមួយ​កូន​ប្រុស​ច្បង Cristiano Junior ​ធ្លាប់​លេចលឺ​ថា​សូម្បី​តែ​ទូរសព្ទ iPhone មួយ​គ្រឿង ​ដែល​ខ្លួន​ត្រឹម​ដក​ដង្ហើម​ចោល​ជាង ២០ នាទី​អាច​គ្រប់​ចំណូល​ទិញ​បាន​នោះ ក៏​ Ronaldo មិន​អនុញ្ញាត​ឲ្យ​កូន​របស់​លោក​ប្រើ​នោះ​ដែរ ហេតុផល​គឺ​មិនមែន​ដោយសារ​រិះ​លុយ​អ្វី​នោះ​ទេ តែ​ដោយសារ​ចង់​បង្រៀន​ឲ្យ​កូន​ឈ្វេងយល់​ពី​ការ​ខិតខំ និង​ភាព​លំបាក​មុន​ទម្រាំ​អាច​យក​បាន​របស់​អ្វី​មួយ​ដែល​មនុស្ស​ម្នាក់ៗ​ចង់​បាន។

ប្រាប់​បទសម្ភាសន៍​មួយ កីឡាករ​វ័យ ៣៥ ឆ្នាំ​និយាយ៖ “ការ​ចាប់​កំណើត​របស់ Cristiano Junior គឺ​បាន​ផ្លាស់ប្តូរ​ខ្ញុំ​ច្រើន​ណាស់ ដោយ​តាម​ពិត​ទៅ​ខ្ញុំ​ធ្លាប់​ស្រមៃ​ចង់​បាន​កូន​ប្រុស​តាំង​ពី​អាយុ ២៥ ឆ្នាំ​មក​ម្ល៉េះ ហើយ​ខ្ញុំ​ចង់​ឲ្យ​កូន​ប្រុស​ខ្ញុំ​គេ​ដើរ​តាម​គន្លង​របស់​ខ្ញុំ ក្លាយ​ជា​ខ្សែ​ប្រយុទ្ធ​ដែល​អាច​ស៊ុត​បញ្ចូល​ទី​ជា​ច្រើន​គ្រាប់”។

លោក​បន្ថែម​ថា៖ “ជា​ទូទៅ​គឺ​នឹង​ឆាប់​ឲ្យ​ពួក​គេ​ទាញ​ភាព​ខ្ជិល​ដាក់​ក្នុង​ខ្លួន​ខ្លាំង​ណាស់ ពេល​ដែល​អ្នក​មាន​របស់​ហូប​ចុក​ច្រើន កន្លែង​ស្នាក់នៅ​ស្រួល និង​រថយន្ត​ទំនើបៗ​ក្នុង​ផ្ទះ ហើយ​មាន​ពេល​មួយ​នោះ​ Cristiano Jr គេ​ធ្លាប់​ទារ​ខ្ញុំ​ទិញ​ទូរសព្ទ iPhone តែ​ខ្ញុំ​បាន​បដិសេធ ដោយ​មិន​ទិញ​ឲ្យ​គេ​ទេ ដោយ​ខ្ញុំ​ថា​បើ​ចង់​តេ​មក​ខ្ញុំ​អី​អ៊ីចឹង គេ​អាច​យក​ទូរសព្ទ​របស់​លោក​យាយ​គេ​បាន”។

CR7 ធ្លាប់​ជា​អតីត​ក្មេង​ដែល​កើត​ចេញ​ពី​ទ្រនំ​គ្រួសារ​ក្រ​ខ្សត់ ក្នុង​ប្រទេស​ព័រទុយហ្គាល់ ហើយ​គ្រប់​វិធី​ដែល​គេ​ប្រដៅ​ណែនាំ​កូន​នៅ​ពេល​នេះ គឺ​ចង់​បង្រៀន​ឲ្យ​កូន​ចេះ​មាន​ភាព​តស៊ូ​ដូច​គេ​កាល​នៅ​ពី​ក្មេង​អ៊ីចឹង​ដែរ។ គេ​ក៏​ធ្លាប់​នាំ​កូន​ប្រុស​ឲ្យ​មក​មើល​កន្លែង​រស់នៅ​ពី​មុន នៅ​ទីក្រុង Lisbon ហើយ Junior ក៏​លាន់​មាត់​ថា៖ “ប៉ា តើ​ហ្នឹង​ជា​កន្លែង​ដែល​ប៉ា​ធ្លាប់​រស់នៅ​មែន​ទេ?” គេ​សឹង​តែ​មិន​ចង​ជឿ ព្រោះ​គេ​គិត​ថា​គ្រប់​យ៉ាង​ប្រហែល​អាច​បាន​មក​ដោយ​ស្រួល និយាយ​ទៅ​ខ្ញុំ​ចង់​បង្រៀន​ឲ្យ​កូន​ប្រុស​ខ្ញុំ​យល់​ថា ការ​មាន​ទេពកោសល្យ​មួយ​មុខ​មិន​អាច​ផ្តល់​ឲ្យ​អ្នក​គ្រប់​យ៉ាង​បាន​ទេ ដរាប​ណា​ណា​អ្នក​ត្រូវ​មានការ​ខិតខំ​និង​ធ្វើ​ការងារ​ធ្ងន់​ខ្លាំង​បំផុត ទើប​អាច​សម្រេច​អ្វី​គ្រប់​យ៉ាង​បាន៕

ប្រភព៖ AS | Times

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT