ដឹង​តម្លៃ​សំបុត្រ​ទស្សនា​តាម Online ​នៅ​ការ​វិល​ឡើង​សង្វៀន​លើក​ដំបូង​របស់ Mike Tyson ហើយ

ស្ដេច​ប្រដាល់​ជើង​ចាស់ Mike Tyson នឹង​ត្រលប់​មក​ឡើង​សង្វៀន​សារ​ជា​ថ្មី ត​ទល់ Roy Jones Jr. នៅ​ថ្ងៃ​ទី​ ១២ ​កញ្ញា ឆ្នាំ ២០២០។ ការ​ប្រកួត​នេះ​នឹង​ធ្វើ​ឡើង​ក្នុង​មជ្ឈមណ្ឌល​កីឡា Dignity Health Sports Park នៅ​ឯ​រដ្ឋ California សហរដ្ឋអាមេរិក ប៉ុន្តែ​ការ​អនុញ្ញាត​ឲ្យ​មាន​មនុស្ស​ចូលរួម​ទស្សនា​ឬ​អត់ មិន​មាន​ការ​បញ្ជាក់​ច្បាស់លាស់​នៅ​ឡើយ។

យ៉ាងណាមិញ​តាម​ការ​ចុះ​ផ្សាយ​ច្បាស់ការ​ពី​សារព័ត៌មាន The Athletic បាន​ឲ្យ​ដឹង​ថា ការ​ប៉ះ​គ្នា​ចំនួន ៨ ទឹក​នេះ នឹង​មាន​ផ្សាយ​ផ្ទាល់​តាម​រយៈ​បណ្ដាញ​សង្គម Triller តែ​តម្រូវ​ឲ្យ​ទិញ​សំបុត្រ​ទស្សនា ក្នុង ១ នាក់​តម្លៃ ៤៩,៩៩ ដុល្លារ។

ការ Pre-Order ​នឹង​ចាប់​បើក​ដំណើរការ​ពី​ថ្ងៃ​ទី ២៦ សីហា​ត​ទៅ ដោយ​តម្លៃ ៥០ ដុល្លារ​នេះ ក៏​បូក​បញ្ចូល​ទាំង​ការ​ទស្សនា​នៅ​ជំនួប​ឡើង​សង្វៀន​រវាង YouTuber ល្បី​ឈ្មោះ Jake Paul និង​អតីត​កីឡាករ​បាល់បោះ Nate Robinson ផង​ដែរ។

តម្លៃ​សំបុត្រ​ទស្សនា​តាម Online លើក​នេះ មិន​រាប់​ជា​តម្លៃ​ដែល​ថ្លៃ​បំផុត​នោះ​ទេ ដោយ​កន្លង​ទៅ​កំណត់ត្រា​តម្លៃ​សំបុត្រ​ថ្លៃ​បំផុត​សម្រាប់​វិស័យ​ប្រដាល់ តាម​ប្រព័ន្ធ​អ៊ីនធឺណិត​គឺ ១ នាក់​ថ្លៃ​ដល់ ៩៩ ដុល្លារ​ឯ​ណោះ សម្រាប់​ជំនួប​រវាង​អ្នក​ប្រដាល់​មិន​ដែល​ចាញ់ Floyd Mayweather និង​ស្តេច​ប្រដាល់​អាស៊ី Manny Paquiao កាល​ពី​ឆ្នាំ ២០១៥។

គួរ​បញ្ជាក់​ថា​លើក​ចុង​ក្រោយ​ដែល Jones ឡើង​សង្វៀន​ប្រកួត គឺ​នៅ​ខែ​កុម្ភៈ ឆ្នាំ ២០១៨ ស្រប​ពេល​ដែល Tyson ខកខាន ១៥ ឆ្នាំ​មក​ហើយ តាំង​ពី​ឆ្នាំ ២០០៥ មក​ម្ល៉េះ៕

ប្រភព៖ SportBible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT