Schurrle ​ចូល​លេង​ឱ្យ Fulham ​២​រដូវ​កាល ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង

ក្លឹប Fulham បាន​ខ្ចី​ជើង​ខ្សែ​ប្រយុទ្ធ Andre Schurrle ​២​រដូវ​កាល​ពី​ក្លឹប Dortmund ​ក្រោយ​ពី​កីឡាករ​រូប​នេះ​បាន​ប្រកាស​ចង់​រក​ក្លឹប​ថ្មី​ដើម្បី​បាន​លេង​ញឹកញាប់។

បន្ទាប់​ពី​ចុះ​កុងត្រា​លេង​២​រដូវកាល​ហើយ ​ខ្សែ​ប្រយុទ្ធ​ដែល​ជួយ​អាល្លឺម៉ង់​លើក​ពាន World Cup 2014 ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា​៖ “ខ្ញុំ​សប្បាយ​ចិត្ត​នៅ​ទី​នេះ។ Fulham ​ជា​ក្លឹប​ទី​១​ដែល​បាន​ចាប់​អារម្មណ៍​ខ្ញុំ ​ហើយ​ខ្ញុំ​ក៏​បាន​គោរព​ពួកគេ​ផង​ដែរ។ នេះ​ជា​ហេតុផល​មួយ​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​សម្រេច​ចិត្ត​មក​ទី​នេះ។ ខ្ញុំ​ស្រលាញ់​ការ​លេង​បាល់​ប្រយុទ្ធ ​ដូច​ដែល​ក្លឹប​បាន​គិត​ដូច្នេះ​ដែរ។ ពួក​យើង​មាន​គំនិត​ដូច​គ្នា ​យើង​នឹង​ដើរ​ទៅ​មុខ​ជា​មួយ​គ្នា”។

Fulham ​បាន​ឡើង​មក​លេង​នៅ​លីគ​កំពូល​អង់គ្លេស​វិញ​ហើយ ​បន្ទាប់​ពី​ចំណាយ​ពេល​លេង​នៅ​លីគ​លំដាប់​ទី​២​កាល​ពី​រដូវ​កាល​មុន ​និង​បាន​ឈ្នះ Play-Off ​ឡើង​មក Premier League ​នេះ។ ការ​ឡើង​មក​លេង​នៅ​លីគ​កំពូល ពួកគេ​កំពុង​តែ​ប្រញាប់​ទិញ​កីឡាករ​ថ្មី​ចូល​ជា​ច្រើន ដើម្បី​ត្រៀម​លេង​លីគ ​និង​រក្សា​ខ្លួន​បាន​ក្នុង​លីគ​កំពូល​នេះ។

ដោយ​ឡែក Andre Schurrle ​វិញ ​ជា​កីឡាករ​មាន​បទ​ពិសោធ​ច្រើន​នៅ Premier League ​រូបគេ​ធ្លាប់​លេង​ឱ្យ Chelsea  បាន​២​រដូវ​កាល​ និង​លើក​ពាន​លីគ​កំពូល​នេះ​បាន​ម្ដង​ផង​ដែរ។ ខ្សែ​ប្រយុទ្ធ​វ័យ​២៧​ឆ្នាំ​នេះ ​កាល​ពី World Cup 2014 ​រូបគេ​ក៏​បាន​ជាប់​ឈ្មោះ​ជាមួយ​ជម្រើស​ជាតិ​អាល្លឺម៉ង់ ​ហើយ​លើក​ពាន​នៅ​ទឹក​ដី​ប្រេស៊ីល​ផង​ដែរ៕ប្រភព៖ DailyMail

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT