Fabregas ទទួល​បាន​សំណើ​ធំ ពី​ក្លឹប​នៅ​កាតា ចង់​ឲ្យ​ចាកចេញ​ពី Monaco ឆាប់ៗ

អតីត​កីឡាករ​របស់ Arsenal/Barcelona/Chelsea គឺ Cesc Fabregas ដែល​បច្ចុប្បន្ន​កំពុង​ឈរ​ជើង​នៅ​ក្លឹប AS Monaco ​បាន​ល្ហិចល្ហៀង​ថា​មាន​សំណើ​ដ៏​ធំ​មួយ​ពី​ក្លឹប​នៅ​ប្រទេស​កាតា ដោយ​អះអាង​ហ៊ាន​ផ្តល់​ជូន​ថ្លៃ​ពលកម្ម​ខ្ពស់ (តែ​មិន​បង្ហើប​តួ​លេខ​ច្បាស់លាស់) អាច​រាប់​ថា​នឹង​ក្លាយ​ជា​ទ្រនំ​ចុង​ក្រោយ​នៃ​អាជីព​របស់​កីឡាករ​អេស្ប៉ាញ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន France Football។

ខ្សែ​បម្រើ​វ័យ ៣៣ ឆ្នាំ​គឺ​មាន​ការ​ចង់​បាន ពី​សំណាក់​ក្លឹប Al-Gharafa របស់​លីគ​កំពូល​កាតា ដែល​ជា​ក្លឹប​ឈរ​ចំណាត់ថ្នាក់​ទី ៤ នៅ​តារាង​បច្ចុប្បន្ន ហើយ​ក្រុម​នេះ​រាប់​ជា​ក្រុម​ជោគជ័យ​ព្រោះ​ធ្លាប់​ឈ្នះ Qatari Star League ចំនួន ៧ សម័យ​កាល​ឯ​ណោះ។

គួរ​បញ្ជាក់​ថា​បច្ចុប្បន្ន Fabregas ក៏​ស្ថិត​ក្នុង​ចំណោម​កីឡាករ​ស៊ី​ថ្លៃ​បំផុត​មួយ​រូប​នៅ Monaco ផង​ដែរ ដោយ​មួយ​សប្តាហ៍​គេ​រក​បាន​ដល់​ទៅ ១១០ ០០០ ផោន​ឯ​ណោះ ប៉ុន្តែ​រដូវ​កាល ២០១៩/២០ ធ្វើ​មិន​សូវ​បាន​ល្អ​ឡើយ ដោយ​ត្រឹម Assist បាល់​ចេញ​បាន​ ៣ ជើង​គត់​ឲ្យ​មិត្ត​រួម​ក្រុម ខណៈ​ចំណាត់ថ្នាក់​របស់​ក្លឹប​ក៏​មិន​សូវ​ល្អ​ឈរ​លេខ ៩ ឯ​ណោះ៕ ប្រភព៖ SoccerLaduma

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT