ប្រធាន​ក្លឹប Rennes បញ្ជាក់​ជា​ថ្មី ជុំវិញ​អនាគត​មិន​ប្រាកដប្រជា​របស់ Camavinga

យុវជន​ឆ្នើម Eduardo Camanvinga ដែល​កន្លង​មក​លេចលឺ​ថា​មាន​សំណាក់​ក្លឹប​ជា​ច្រើន​នៅ​អឺរ៉ុប​ចង់​បាន មាន​តាំង​ពី​ក្លឹប​យក្ស Bayern Munich/Real Madrid ក៏​ដូច​ជា PSG ថ្មីៗ​នេះ​ត្រូវ​បាន​ប្រធាន​ក្លឹប Rennes គឺ​លោក Nicolas Holveck ចេញ​មក​បញ្ជាក់​ហើយ ថា​គ្រប់​យ៉ាង​មិន​អាច​កើត​ឡើង​ទៅ​បាន​នោះ​ទេ។

លោក​បាន​សង្កត់​ធ្ងន់​ថា​ការ​ចរចា​នាំ​ចេញ​កីឡាករ​វ័យ ១៧ ឆ្នាំ នៅ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ គឺ​មិន​អាច​ធ្វើ​ទៅ​បាន​ឡើយ ព្រោះ​ដោយសារ​ក្លឹប​ធំៗ​កំពុង​ជួបប្រទះ​បញ្ហា​ផ្នែក​ហិរញ្ញវត្ថុ។

ប្រាប់ RMC Sport លោក​ Nicolas និយាយ៖ “ស្មោះត្រង់​ទៅ​ជាមួយ Bayern គឺ​មិន​មាន​ការ​ចរចា​ត្រូវរ៉ូវ​អ្វី​នោះ​ទេ ដោយ​ខ្ញុំ​គិត​ថា​អ្នក​មិន​ចាំ​បាច់​សង្ឃឹម​នៅ​ទីផ្សារ​ដោះដូរ​ខាង​មុខ​នេះ​ឡើយ ដោយ​ក្លឹប​កាន់​តែ​ធំ ពួក​គេ​កំពុង​ជួប​ប្រទះ​បញ្ហា​កាន់​តែ​ខ្លាំង អ៊ីចឹង​មិន​អាច​រំពឹង​ការ​ចុះ​ហត្ថលេខា​ធំ​ណា​មួយ​កើត​ឡើង​នៅ​រដូវ​ក្តៅ​បាន​ឡើយ”។

លោក​បន្ថែម​ទៀត​ថា៖ “ប្រសិន​យើង​មាន​សំណាង​បាន​ទៅ​លេង​នៅ Champions League នោះ​ឱកាស​នៃ​ការ​ប្រលូក​ក្នុង​ទីផ្សារ​អាច​នឹង​មាន​ខ្ពស់ តែ​បើ​អត់​ទេ គឺ​គ្មាន​ឱកាស​ដែល​កីឡាករ​ចាកចេញ​ឡើយ”។

បញ្ជាក់​ថា Camavinga ត្រូវ​បាន​ប្រធាន​ក្លឹប Rennes ទាមទារ​តម្លៃ​ខ្លួន​របស់​គេ ពី​សំណាក់​ក្លឹប​ធំៗ​ដល់​ទៅ ៧០ លាន​អឺរ៉ូ​ឯ​ណោះ តែ​ផ្អែក​តាម​ស្ថានភាព​វីរុស COVID-19 កំពុង​ញាំញី​ផង​នោះ វា​អាច​ថា​ជា​រឿង​ដែល​ពិបាក​នឹង​កើត​ឡើង​បំផុត៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT