ក្លឹប Manchester United អាចទិញយក Harry Maguire ពីក្លឹប Leicester City បាននៅរដូវកាលដោះដូរកីឡាករនេះ ប៉ុន្តែត្រូវចំណាយតម្លៃខ្លួនរហូតដល់៦៥លានផោនឯណោះ។
ខ្សែការពារកណ្ដាលខាងលើនេះ គឺជាកីឡាករទី១ដែលលោក Jose Mourinho ចង់បានដើម្បីមកពង្រឹងតំបន់ការពារកណ្ដាលរបស់ខ្លួន ដែលតែងតែរបូតគ្រាប់បាល់ញឹកញាប់។ យ៉ាងណាមិញ ការចង់បានកីឡាករបង្ហាញសមត្ថភាពខ្ពស់នៅ World Cup ជាមួយក្រុមអង់គ្លេសម្នាក់នេះ មិនមែនជារឿងងាយស្រួលឡើយ។ Leicester City បានដាក់តម្លៃខ្លួនរូបគេដល់៦៥លានផោនហើយ ប្រសិនបើក្លឹបបិសាចក្រហមចង់បានមែន ត្រូវតែចំណាយច្រើនយ៉ាងនេះទើបអាចផ្ដាច់កុងត្រានាំយកទៅបាន។
ការចង់បានកីឡាករវ័យ២៥ឆ្នាំនេះ គឺតម្រូវឱ្យលោក Jose Mourinho ត្រូវបញ្ចេញកីឡាករខ្សែការពារកណ្ដាលរបស់ខ្លួនម្នាក់ចេញសិន ទើបមានកន្លែងសម្រាប់ Maguire។ មួយវិញទៀត ការចំណាយច្រើននេះ ក៏ជាចំណែកដែលធ្វើឱ្យក្រុមបិសាចក្រហមត្រូវបញ្ចេញកីឡាករចោលខ្លះដែរ ដើម្បីបានលុយនាំមកកីឡាករថ្មីបន្ថែម។
Maguire ជាខ្សែការពារដែល Leicester City ទិញយកពីក្រុម Hull City កាលពីរដូវកាលមុន ក្នុងតម្លៃខ្លួន១៧លានផោន។ ខ្សែការពាររូបនេះ ចាប់ផ្ដើមល្បីឈ្មោះក្រោយពីជាប់ឈ្មោះជម្រើស១១នាក់ដំបូងឱ្យអង់គ្លេសនៅ World Cup ហើយថែមទាំងរកបាន១គ្រាប់និង Assist បាន១គ្រាប់ថែមទៀត៕ប្រភព៖ DailyMail