Bruno ផ្ញើ​ពាក្យ​គាំទ្រ​ដល់ Lingard ទោះ​មាន​ពាក្យ​បន្តុះបង្អាប់​ខ្លាំង

Bruno Fernandes ដែល​ជា​ចំណែក​ដ៏​សំខាន់​ជួយ​ឲ្យ Man Utd មាន​ឱកាស​រក្សា​តំណែង Top 4 នៅ​ PL រដូវ​កាល​ ២០១៩/២០ ថ្មីៗ​នេះ​បាន​បង្ហាញ​ការ​បកស្រាយ​ពាក់ព័ន្ធ​នឹង​ការ​ខិតខំ​ប្រឹងប្រែង​របស់​ក្រុម​ទាំង​មូល​នៅ​ប្រកួត​ចុង​ក្រោយ ក៏​ដូច​ជា​ផ្ញើសារ​គាំទ្រ​ការ​ខិតខំ​ពេញ​ទំហឹង​របស់ Jesse Lingard។

Lingard ជា​អ្នក​រក​បាន​គ្រាប់​បាល់​ចុង​ក្រោយ នៅ​ចុង​តង់​សេសសល់​ប៉ុន្មាន​នាទី ក្រោយ​អ្នកចាំទី​របស់ Leicester ភ្លាត់​ស្នៀត​ផ្តាច់​បាល់​មិន​បាន​ល្អ។ វា​ជា​គ្រាប់​បាល់​ដំបូង​នៅ PL សម្រាប់ Lingard ខកខាន​តាំង​ពី​ខែ​ធ្នូ ឆ្នាំ ២០១៨ មក​ម្ល៉េះ។

Bruno បាន​និយាយ​ប្រាប់ MUTV ថា៖ “Jesse គេ​ធ្វើ​បាន​ល្អ​ខ្លាំង​ណាស់ តាម​ពិត​ទៅ​ថា​ជា​កំហុស​របស់​អ្នកចាំទី តែ​ប្រសិន​ណា Jesse មិន​ទៅ​ដល់​ទី​នោះ បែប​នេះ​គ្រាប់​បាល់​ក៏​មិន​អាច​កើត​ឡើង​ដូច​គ្នា អ៊ីចឹង​វា​ត្រូវ​តែ​សក្ដិសម​សម្រាប់​ការ​ខិតខំ​របស់​គេ”។

លោក​បន្ថែម​ថា៖ “សម្រាប់​ខ្ញុំ Jesse សក្តិសម​នឹង​ការ​ទទួល​បាន​គ្រាប់​បាល់​មួយ​នោះ ព្រោះ​ផ្អែក​ទៅ​លើ​អ្វី​ដែល​គេ​បាន​ខិតខំ​រៀងរាល់​សប្ដាហ៍ ហើយ​ក៏​ជា​ការ​ឆ្លើយតប​ទៅ​ការ​បញ្ចេញ​មតិ​របស់​អ្នក​រាល់​គ្នា​ដែល​និយាយ​អំពី​គេ”៕

ប្រភព៖ SportBible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT