ឱ ភារុណ រំភើប និងអរគុណចំពោះទំនុកចិត្តដែលគ្រូផ្តល់ឱកាស​លេង​និង​រក​គ្រាប់បាល់

ខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លិបបឹងកេត ឱ ភារុណ ដែលមានឱកាសរកគ្រាប់បាល់ក្នុងជំនួបកំពូល ( The Classical Match ) ទល់នឹងក្លិបភ្នំពេញក្រោន កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានបង្ហាញអារម្មណ៍ រំភើប ចំពោះលទ្ធផលជ័យជម្នះ និងអរគុណចំពោះទំនុកចិត្តរបស់គ្រូបង្វឹក លើរូបខ្លួន។

ភារុណ បាននិយាយថា៖ “ ជាដំបូងពិតជាសូមអរគុណដល់លោកគ្រូ ភក្តី ដែលផ្តល់ឱកាសឱ្យខ្ញុំបានលេង បង្ហាញសមត្ថភាពលើទីលាន អ្វីដែលសំខាន់ គ្រាប់បាល់ដែលខ្ញុំរកបាននោះគឺកើតចេញពីការព្យាយាមហ្វឹកហាត់រៀងរាល់ថ្ងៃ ពិសេសកម្លាំងចិត្តពីគ្រូ និងមិត្តរួមក្រុម ” ។

ជុំវិញការប្រៀបធៀប លទ្ធភាពនៃការលេងច្រើនជាងមុន កីឡាកររូបនេះ បានបញ្ជាក់ថា៖ “ ដោយសារតែឥលូវខ្ញុំមានឱកាសលេងច្រើនជាងមុន នាំឱ្យបទពិសោធន៍លើទីលានរបស់ខ្ញុំកើនឡើង គួបផ្សំជាមួយនឹងភាពវ័យឆ្លាតក្នុងទីលានរបស់ខ្ញុំផងដែរ ” ។

ភារុណ មិនមានអ្វីក្រៅពីពាក្យថា នឹងខិតខំព្យាយាមបន្ថែមទៀតដើម្បីសម្រេចគោលដៅក្នុងអាជីពបាល់ទាត់របស់គេ គឺចង់ជាប់ជម្រើសជាតិឈុតធំ ហេតុនេះទើបនាំឱ្យគេធ្វើយ៉ាងណាលេងឱ្យបានល្អបំផុតសម្រាប់ខ្លួនឯង និងក្លិប ។

គួរឱ្យដឹងថា ក្នុងការប្រកួតលីគកំពូលកម្ពុជា កន្លងមក ៩សប្តាហ៍ទៅនេះ ឱ ភារុណ មានឱកាសបង្ហាញខ្លួន ៤ប្រកួត រកគ្រាប់បាល់បាន ៣គ្រាប់ ក្នុងជំនួប ទល់នឹង ក្រុមនគរបាលជាតិ, គិរីវង់សុខសែនជ័យ និង ភ្នំពេញក្រោន ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT