Bartomeu៖ “រឿង Messi ដឹង​តែ​នៅ​ហើយ តែ​រឿង​ទិញ Neymar ទល់​ខាង​គេ​ព្រម​បែប​នេះ​សិន”

ប្រធាន​ក្លឹប​ Barcelona លោក Josep Maria Bartomeu បាន​ចេញ​មុខ​មក​និយាយ​សារ​ជា​ថ្មី ពាក់ព័ន្ធ​នឹង​អនាគត​របស់ Lionel Messi ដោយ​ថា​បុរស​សញ្ជាតិ​អាហ្សង់ទីន នឹង​មិន​ចាកចេញ​ទៅ​ណា​នោះ​ឡើយ។

ចចាមអារ៉ាម​នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ ល្ហិចល្ហៀង​ថា​ឪពុក​របស់ M10 បាន​ទិញ​ផ្ទះ​មួយ​ខ្នង​ប្រេ​ទុក​ហើយ​ស្រេច គ្រាន់​បាន​ស្នាក់​អាស្រ័យ​ពេល​ទៅ​ចរចា​ជាមួយ​ក្លឹប Inter Milan នា​ខែ​សីហា​នេះ។

ឆ្លើយតប​ប្រាប់ Mundo Deportivo ប្រធាន​ក្លឹប Barca និយាយ​ទាំង​ទំនុក​ចិត្ត​ថា៖ “Messi គេ​បាន​និយាយ​ច្រើន​ដង​ហើយ​ថា​គេ​ចង់​ចូល​និវត្ត​នៅ​ទី​នេះ អ៊ីចឹង​ខ្ញុំ​គ្មាន​អ្វី​ត្រូវ​សង្ស័យ​ថា​គាត់​នឹង​មិន​ចុះ​ហត្ថលេខា​បន្ត​កុងត្រា​ថ្មី​នោះ​ទេ”។

ដោយ​ឡែក​ពាក់ព័ន្ធ​នឹង​រឿង​ការ​ទិញ Neymar ក៏​ដូច​ជា Lautaro Martinez លោក​ទទួល​ស្គាល់​ថា​ក្លឹប​បាន​ស្ថិត​ក្នុង​ការ​ចរចា​មែន តែ​ស៊ីសង​លើ​ការ​យល់​ព្រម​ពី​ភាគី​ម្ខាង​ទៀត​សិន។ លោក​សង្កត់​ធ្ងន់៖ “ឥឡូវ​នេះ​យើង​កំពុង​ធ្វើ​ការ​សម្រេច​ចិត្ត​លើ​កីឡាករ អ៊ីចឹង​បើ​ការ​ចរចា​គ្មាន​ការ​ដោះដូរ [បន្ថែម​កីឡាករ​ជា​ថ្នូរ] ទេ​នោះ វា​ពិត​ជា​ពិបាក​នឹង​ឲ្យ​អ្នក​ថ្មី​មក​ចូលរួម​ណាស់”។

លោក​បន្ត៖ “ពិត​ណាស់ ជាមួយ Inter យើង​ក៏​បាន​និយាយ​ជាមួយ​ពួក​គេ​ហើយ​ដែរ តែ​សំខាន់​ពេល​នេះ​គឺ​នៅ​ជាប់​គាំង​មិន​ទាន់​បន្ត​ការ​ចរចា​ទេ”៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT