កីឡាករ Everton ម្នាក់​ប្រកាស​ចូល​និវត្ត ​ក្រោយ​បរាជ័យ​នៅ​ជុំ​ចុង​ក្រោយ​ PL យប់មិញ

ខ្សែ​ការពារ​របស់​ក្លឹប Everton គឺ​កីឡាករ Leighton Baines បាន​បញ្ជាក់​ពី​ការ​ចូល​និវត្ត​ជា​ផ្លូវការ ​ក្រោយ​ប្រលូក​ក្នុង​វិស័យ​បាល់ទាត់​អស់​រយៈ​ពេល ១៨ ឆ្នាំ​មក​នេះ។

បុរស​វ័យ ៣៥ ឆ្នាំ​ក៏​មាន​ឈ្មោះ​ចូល​លេង​នាម​ជា​កីឡាករ​បម្រុង​នៅ​ការ​ប្រកួត​ជុំ​ទី ៣៨ ឲ្យ​ស្ករ​គ្រាប់​ Everton កាល​ពី​យប់​មិញ​ផង​ដែរ តែ​ត្រឹម​ទទួល​រង​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​ភ្ញៀវ Bournemouth ១-៣។

បញ្ជាក់​ថា Baines បាន​បង្ហាញ​ខ្លួន ៤២០ ប្រកួត​សម្រាប់ Everton ដោយ​ធ្លាប់​រក​បាន ៣៩ គ្រាប់​សរុប ក្រោយ​ពី​ផ្ទេរ​ចេញ​ពី Wigan នៅ​ឆ្នាំ ២០០៧។ តាម​ពិត​ទៅ​ភាព​មិន​ប្រាកដប្រជា​ពី​អនាគត​របស់​គេ គឺ​កើត​ឡើង​យូរ​ណាស់​មក​ហើយ ក្រោយ​ពេល​ដែល Lucas Digne មក​ចូល​ជំនួស​ជម្រើស​ដំបូង​របស់​កីឡាករ​ជើង​ចាស់​រូប​នេះ។

ប្រាប់​នៅ​សេចក្តីថ្លែងការណ៍ ​ក្រោយ​បញ្ចប់​ការ​ប្រកួត Baines និយាយ៖ “ខ្ញុំ​ពិត​ជា​មាន​មោទនភាព​ខ្លាំង​ណាស់​សម្រាប់​ការ​បង្ហាញ​ខ្លួន​ឲ្យ Everton ១៣ ឆ្នាំ​មក​នេះ ហើយ​ការ​សម្រេច​ចិត្ត​ចូល​និវត្ត​នេះ​សម្រាប់​ខ្ញុំ​គឺ​វា​ពិត​ជា​ពិបាក​ខ្លាំង”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT