Chelsea ដឹក​ដៃ Man Utd ឡើង​ទៅ​ការ​ប្រកួត Champions League រដូវ​កាល ២០២០/២១

ការ​ប្រកួត​ជុំ​ចុង​ក្រោយ​នៅ​ក្របខ័ណ្ឌ​កំពូល​អង់គ្លេស បាន​បញ្ចប់​ជា​ស្ថាពរ​នៅ​យប់​រំលង​អាធ្រាត្រ​ចូល​ថ្ងៃ​ទី ២៧ ​កក្កដា។ ជា​លទ្ធផល Man Utd និង Chelsea បាន​រំកិល​ខ្លួន​មក​ឈរ​កៅអី Top 4 ជា​ផ្លូវការ ក្រោយ​យក​ឈ្នះ​លើ​ Leicester City និង Wolves នា​ប្រកួត​ជុំ​ទី ៣៨។

បិសាច​ក្រហម​ដែល​ឈរ​លេខ ៣ មាន ៦៦ ពិន្ទុ ប៉ុន្តែ​នាំ​មុខ​គ្រាប់​បាល់​ចំណេញ​លើ Chelsea ដែល​ឈរ​លេខ ៤ ហើយ Leicester City មាន ៦២ ពិន្ទុ ឈរ​នៅ​ចំណាត់ថ្នាក់​ទី ៥ និង Tottenham ឈរ​ចំណាត់ថ្នាក់​ទី ៦។

លទ្ធផល​នេះ​សម្រេច​ឲ្យ​ឃើញ​ថា Man Utd និង Chelsea មាន​ឱកាស​លេង​នៅ​វគ្គ​ចែក​ពូល​ស្វ័យប្រវត្តិ​សម្រាប់​ការ​ប្រកួត UEFA Champions League រដូវ​កាល ២០២០/២១ ស្រប​ពេល​ដែល Leicester City ត្រូវ​ធ្លាក់​ទៅ​កាន់​កៅអី​នៅ UEFA Europa League វិញ។

គួរ​បញ្ជាក់​ថា​សម្រាប់ Spurs នៅ​មាន​ឱកាស រំកិល​ខ្លួន​មក​កាន់​កៅអី​វគ្គ​ចែក​ពូល UEL ​ស្វ័យប្រវត្តិ ដោយ​មិន​ចាំបាច់​ឆ្លង​កាត់​ការ​ប្រកួត​ជម្រុះ ប្រសិន​ណា​ការ​ប្រកួត​នៅ FA Cup វគ្គ​ផ្តាច់ព្រ័ត្រ​តោ​ខៀវ Chelsea អាច​ផ្តល់​មេរៀន​បរាជ័យ​ឲ្យ​កាំភ្លើង​ធំ Arsenal បែប​នេះ​កៅអី​សម្រាប់​ក្រុម​ឈ្នះ FA Cup ដែល​ជាន់​ឈ្មោះ​ត្រូវ Chelsea លេង​នៅ UCL ​នោះ នឹង​ផ្ទេរ​ស្វ័យប្រវត្តិ​មក​កាន់​ក្រុម​លេខ ៦ នៅ PL ដែល​ជា Spurs តែ​ម្តង៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT