Mike Tyson បដិសេធ​ការ​ឡើង​សង្វៀន​ប្រកួត​មិន​ប្រើ​ហ្គង់ ទោះ​គេ​ឲ្យ​ដល់ ២០ លាន​ដុល្លារ

អ្នក​ប្រដាល់​ជើង​ចាស់​លោក Mike Tyson បាន​បដិសេធ​មិន​ទទួល​យក​សំណើ​ទឹកប្រាក់ ២០ លាន​ដុល្លារ លើ​ការ​ចុះ​កុងត្រា​ចូលរួម​ការ​ប្រកួត​នៅ​សង្វៀន​ប្រដាល់​ដែល​មិន​ប្រើប្រាស់​ហ្គង់ ឬ​ហៅ​ថា Bare-knuckle Boxing Match។

ការ​ប្រកួត​នេះ គឺ​ជា​ការ​តតាំង​ដោយ​ប្រើប្រាស់​កណ្តាប់​ដៃ​ទទេ​ស្អាត ពោល​មិន​មាន​ការ​ប្រើប្រាស់​ហ្គង់​ប្រភេទ​ស្រាល ឬ​ហ្គង់​ប្រដាល់​ទូទៅ​អ្វី​នោះ​ទេ។

បញ្ជាក់​ពី​ប្រធាន​គ្រប់គ្រង​ការ​ប្រកួត Bare Knuckle Fighting Championship លោក David Feldman បាន​និយាយ​ទាំង​មិន​លាក់បាំង​ទៅ Ring TV ថា៖ “យើង​បាន​ផ្តល់​ជូន​សំណើ​ទឹកប្រាក់ ២០ លាន​ដុល្លារ​សម្រាប់ Tyson និង​អត្ថប្រយោជន៍​ផ្សេងៗ​បន្ថែម​ទៀត ប៉ុន្តែ​គាត់​បាន​បដិសេធ​មិន​ទទួល​យក”។

លោក​បន្ថែម៖ “តើ​នរណា​ទៅ​ដឹង​ថា​នឹង​មាន​រឿង​អ្វី​កើត​ឡើង​ជាមួយ Mike Tyson ខណៈ​អ្នក​គ្រប់គ្រង​ក្រុម​របស់​គាត់ ថា​គាត់​នឹង​ចាប់ផ្តើម​ការ​ប្រកួត​នៅ​ខែ​កក្កដា ហើយ​ក្រោយ​មក​ថា​ខែ​សីហា​វិញ បែប​នេះ​គ្មាន​នរណា​ដឹង​ច្បាស់​ពី​គាត់​ឡើយ”។

គួរ​បញ្ជាក់​ថា Mike Tyson បាន​ផ្អាក​ពី​វិស័យ​ប្រដាល់​អស់​រយៈ​ពេល ១៥ ឆ្នាំ​មក​ហើយ ខណៈ​ដំណឹង​ផ្លូវការ​ទើប​ចុះ​ផ្សាយ​ថ្មីៗ​នេះ លោក​នឹង​ត្រលប់​មក​លើ​សង្វៀន​វិញ នៅ​ថ្ងៃ​ទី ១២ ​កញ្ញា ឆ្នាំ ២០២០ ​ប៉ះ​គ្នា​ជាមួយ​ជើង​ចាស់​លោក Roy Jones Jr ដែល​ជា​ការ​ប្រកួត​ប្រើ​រយៈ​ពេល ៨ ទឹក៕

ប្រភព៖ SportBible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT