៧ លើក​ធំៗ​ដែល Cristiano Ronaldo ​ចូលរួម​បរិច្ចាគ​ដល់​ការងារ​សប្បុរសធម៌

Cristiano Ronaldo ក្រៅ​ពី​ជាប់​ឈ្មោះ​ជា​កីឡាករ​ល្អ​បំផុត​មួយ​រូប​ក្នុង​ទីលាន​ប្រកួត ក្រឡេក​ទៅ​មើល​សកម្មភាព​ក្រៅ​ទីលាន ក៏​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​បាន​ចូលរួម​យ៉ាង​សកម្ម​ជាមួយ​កម្មវិធី​សប្បុរសធម៌​នានា​ផង​ដែរ។

ជា​ញឹកញយ​ចាប់​តាំង​ពី​គេ​បាន​ផ្ទេរ​មក​ចូលរួម​នៅ​ក្លឹប Real Madrid ជាមួយ​តម្លៃ​បំបែក​កំណត់ត្រា CR7 បាន​ចូលរួម​ជា​បន្តបន្ទាប់​នៅ​ការងារ​សប្បុរសធម៌ មិន​ថា​តែ​ការ​សាងសង់​សាលារៀន ឬ​ជួយ​ដល់​ជន​ខ្វះខាត ហើយ​ភាគច្រើន​គឺ​លោក​យក​ថវិកា​ទទួល​បាន​ពី​ការ​ប្រកាស​ដាក់​លក់​ពាន​រង្វាន់​បុគ្គល​ដែល​លោក​ទទួល​បាន។ ត​ទៅ​នេះ CTS Sports បង្ហាញ​ពេល ៧ លើក​ដែល​ខ្សែ​ប្រយុទ្ធ​វ័យ ៣៥ ឆ្នាំ​ធ្លាប់​បាន​ចូលរួម​ជួយ៖

១) ការ​បរិច្ចាគ​ដំបូង​បង្អស់ គឺ​កើត​ឡើង​នៅ​ឆ្នាំ ២០១១ ពេល​ដែល CR7 បាន​ដាក់​ឲ្យ​ដេញ​ថ្លៃ​នូវ​ពាន​ស្បែក​ជើង​មាស European Golden Boot ជាមួយ​តម្លៃ​ជាង ១,៥ លាន​ដុល្លារ ហើយ​បាន​យក​លុយ​នោះ​ទៅ​សាងសង់​សាលា​ក្នុង​ទីក្រុង Gaza។

២) នៅ​ឆ្នាំ​ដដែល នា​ខែ​ធ្នូ អាវ​របស់​លោក​ដែល​ជាប់​ហត្ថលេខា​ផ្ទាល់​ខ្លួន ក៏ Ronaldo បាន​លក់​ចេញ​នៅ​តម្លៃ​ជិត ៤ មុឺន​ដុល្លារ ហើយ​ប្រគល់​លុយ​នោះ​ឲ្យ​ទៅ​ក្នុង​មូលនិធិ​ជួយ​ដល់​កុមារ​របស់​អង្គការ Save The Children។

៣) នៅ​ឆ្នាំ ២០១៣ ពេល​លោក​បាន​ឈ្នះ​ប្រាក់​រង្វាន់​ជាង ១១ មុឺន​ដុល្លារ ពេល​ឈរ​ឈ្មោះ​ជា​កីឡាករ​នៅ Team Of The Year របស់ UEFA ហើយ​ក៏​បាន​យក​លុយ​នោះ​ទៅ​ជួយ​ដល់​អង្គការ​កាកបាទក្រហម។

៤) ដល់​ឆ្នាំ ២០១៤ Ronaldo បាន​ក្លាយ​ឈ្មោះ​ជា​ឯកអគ្គរដ្ឋទូត​របស់ Unicef និង​អង្គការ World Vision ហើយ​លោក​បាន​ប្រើប្រាស់​ថវិកា​ដែល​ឈ្នះ​ពី Champions League ​ចំនួន ៥៧០ ០០០ មុឺន​ដុល្លារ ទៅ​ចូលរួម​ជាមួយ​ស្ថាប័ន​ខាង​លើ។

៥) ក្រោយ​មក​ពេល​ក្រុម​គ្រូពេទ្យ​លើ​កោះ Madeira ព្យាបាល​ជំហឺ​មហារីក​ម្តាយ​របស់​លោក​ជោគជ័យ CR7 ក៏​បាន​បរិច្ចាគ​ប្រាក់​ជាង ១៥ មុឺន​ដុល្លារ​ផ្សេង​ទៀត​ឲ្យ​ទៅ​មជ្ឈមណ្ឌល​សុខភាព​នៅ​ទី​នោះ ហើយ​ចន្លោះ​ពេល​ដដែល​ក៏​បាន​ជួយ​ដល់​ក្មេង​អាយុ ១០ ខែ​ម្នាក់​ដែល​ខ្វះខាត​ថវិកា​ក្នុង​ការ​វះកាត់​ខួរក្បាល​ប្រមាណ​ជាង ៧ មុឺន​ដុល្លារ។

៦) ដល់​ឆ្នាំ​ ២០១៦ ពេល Ronaldo ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​បន្ថែម​ពី​ក្លឹប Real Madrid ក្រោយ​ឈ្នះ UCL នូវ​ទឹកប្រាក់​ជិត ៦៧ មុឺន​ដុល្លារ លោក​ក៏​បាន​បង្វែរ​លុយ​ទាំង​នោះ​ទៅ​ក្នុង​ការងារ​សប្បុរសធម៌​ដូច​គ្នា។

៧) អំឡុង​ស្ថានភាព​ជំងឺ COVID-19 ផ្ទុះ​ខ្លាំង​កន្លង​ទៅ​នេះ Cristiano ក៏​បាន​ចូលរួម​ចំណែក​នូវ​ទឹកប្រាក់​ប្រមាណ ១,១ លាន​ដុល្លារ ដល់​មន្ទីរពេទ្យ​ក្នុង​ទីក្រុង Lisbon និង Porto នៅ​ប្រទេស​ព័រទុយហ្គាល់​ផង​ដែរ៕

ប្រភព៖ Goal | CNN

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT