រឿង​ពិត​កម្រ​មាន​អ្នក​ដឹង នេះ​ស្ទាយ Pique តាម​អូស​ក្រឡា​ញ៉ែ Shakira ​កាល​ពី ១០ ឆ្នាំ​មុន

ប្រិយមិត្ត​អ្នក​គាំទ្រ​វិស័យ​បាល់ទាត់​ភាគ​ច្រើន ប្រាកដ​ជា​បាន​ដឹង​ថា​តារា​ស្រី Shakira គឺ​ជា​គូស្នេហ៍​របស់​កីឡាករ​បាល់ទាត់ Gerard Pique។ ទំនាក់ទំនង​ស្នេហា​របស់​អ្នក​ទាំង​ពីរ បាន​ប្រកាស​ជា​សាធារណៈ​នៅ​ឆ្នាំ​ ២០១១ ហើយ​មក​ទល់​បច្ចុប្បន្ន​មាន​កូន​កូន​ប្រុស ២ រូប​ជា​ចំណងដៃ។

ពី​ក្រោយ​ទំនាក់ទំនង​ដ៏​ស្អិតល្មួត​នេះ អ្នក​ប្រាកដ​ជា​មិន​ដឹង​ទេ​ថា ការ​ផ្តើម​ស្នេហ៍​ពី​ដំបូងៗ​តើ​កីឡាករ​បាល់ទាត់​របស់​ក្លឹប Barcelona ប្រើ​វិធីសាស្ត្រ​បែប​ណា​ខ្លះ ក្នុង​ការ​តាម​សុំ​ស្នេហ៍​តារា​ស្រី​ល្បី​ឈ្មោះ​រូប​នេះ​បាន?

Shakira និង Pique បាន​ជួប​គ្នា​ជា​លើក​ដំបូង​នៅ​អំឡុង​ឆ្នាំ ២០១០ ពេល​ថត​វីដេអូ​ចម្រៀង​បទ Waka Waka ដែល​ជា​បទចម្រៀង​ល្បី​ខ្លាំង​ក្នុង​កំឡុង​ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ​នោះ។ ក្រោយ​ពេល​ដែល​ជួប​គ្នា​ហើយ Pique ក៏​អូសក្រឡា​ផ្ញើសារ​ច្រំដែល​ទៅ​កាន់​ Shakira ដោយ​សំណួរ​ដែល Pique ចោទ​សួរ​ជា​រៀងរាល់​ថ្ងៃ​នោះ “តើ​អាកាសធាតុ​ថ្ងៃ​នេះ​បែប​ម៉េច​ដែរ” នេះជាពេលដែលអ្នកទាំងពីរក៏ំពុង​ស្នាក់នៅក្នុងប្រទេស​អាហ្វ្រិក​ខាង​ត្បូង។

អស់​ពី​សំណួរ​ដដែល មាន​ថ្ងៃ​មួយ Pique បែរ​ជា​ផ្ញើ​សារ​ដោយ​សរសេរ​ពាក្យ​ស៊ី​អារម្មណ៍​បែបនេះ​ថា៖ “ក្រុម​បាល់ទាត់​អេស្ប៉ាញ​របស់​យើង នឹង​ព្យាយាម​តតាំង​ឲ្យ​បាន​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ ព្រោះ​ដើម្បី​ចង់​ឃើញ​មុខ​នាង​ម្តង​ទៀត”។ នេះ​ក៏​ដោយសារ Shakira ត្រូវ​ឡើង​ច្រៀង​បើក​កម្មវិធី​លើ​ឆាក​ប្រគំ​តន្រ្តី​នា​វគ្គ​ផ្ដាច់ព្រ័ត្រ។

ការ​ខិតខំ​របស់ Pique និង​ជម្រើស​ជាតិ​ទាំង​មូល ទទួល​បាន​ផ្លែផ្កា​ជា​ការ​ពិត ដោយ​បាន​ឡើង​មក​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ និង​យក​ឈ្នះ​ហូឡង់ ១-០ លើក​ពាន FIFA World Cup ដោយ​ជោគជ័យ។

តាំង​ពី​ពេល​នោះ​មក​ទំនាក់ទំនង​របស់ Pique និង Shakira ក៏​បាន​បង្កាត់​ក្លាយ​ជា​កម្ទេច​ភ្លើង​ស្នេហ៍​ តែ​ជា​លក្ខណៈ​មិន​ទាន់​បើក​ចំហ ដោយ​ជា​រឿយៗ​គេ​ក៏​ប្រមាញ់​បាន​រូបភាព​បណ្តើរ​គ្នា​របស់​អ្នក​ទាំង​ពីរ​មិន​ចេះ​តិច​សន្លឹក​នោះ​ដែរ។ រហូត​ដល់​ឆ្នាំ ២០១១ ​នៅ​លើ​ឆាក​ប្រគំ​តន្រ្តី​នៅ​ប្រទេស​អេស្ប៉ាញ Pique និង Shakira បាន​បង្ហាញ​វត្តមាន​រួម​គ្នា ហើយ​ក៏​ជា​ពេល​ដែល​ទំនាក់ទំនង​ស្នេហា​បាន​ប្រកាស​ជា​សាធារណៈ។

មក​ទល់​ពេល​នេះ អ្នក​ទាំង​ពីរ​មិន​ទាន់​រៀប​អាពាហ៍ពិពាហ៍​ជា​ផ្លូវការ​នៅ​ឡើយ ហើយ​គម្រោង​ចង់​ធ្វើ​ឡើង​ពេល​ណា ក៏​មិន​ទាន់​បញ្ជាក់ តែ Shakira ធ្លាប់​បាន​និយាយ​ហើយ​ថា នាង​មិន​ចង់​ឲ្យ Pique ចាត់​ទុក​នាង​ជា​ប្រពន្ធ​ឡើយ ត្រឹម​ចង់​ធ្វើ​ជា​សង្សារ​អស់​មួយ​ជីវិត ហើយ​នាង​ថា​ការ​ចាប់​ដៃ​គ្នា​ជា​គូជីវិត​ច្រើន​ឆ្នាំ​មក​នេះ ក៏​គ្រប់គ្រាន់​សម្រាប់​ភាព​កក់ក្តៅ​ជា​លក្ខណៈ​គ្រួសារ​មួយ​ហើយ​ដែរ បែប​នេះ​ការ​រៀបការ​ក៏​មិន​អាច​ផ្លាស់ប្តូរ​អ្វី​សម្រាប់​ជីវិត​របស់​នាង​ឡើយ៕

ប្រភព៖ Sportskeeda | Harpersbazaar

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT