កីឡាករ​លំដាប់​កំពូល ៥ រូប សម្រេច​ចិត្ត​ចូល​និវត្ត​លឿន​ជាង​ការ​រំពឹង​ទុក

Drogba ​អតីត​កីឡាករ​ជើង​ចាស់​របស់ Chelsea បាន​ចូល​និវត្ត​នៅ​អាយុ ៤០ ឆ្នាំ ស្រប​ពេល​ដែល Casillas អ្នកចាំទី​របស់ Real Madrid ចូល​និវត្ត​នៅ​អាយុ ៣៩ ឆ្នាំ ហើយ​បើ​ក្រឡេក​មក​មើល Buffon ក៏​បន្ត​ឈរ​ជើង​ទល់​សព្វថ្ងៃ ត្បិត​បើ​មាន​អាយុ ៤២ ឆ្នាំ​ទៅ​ហើយ​ក្តី។

ពាក់ព័ន្ធ​នឹង​រឿង​ចូល​និវត្ត​នេះ កាល​ពី​អតីតកាល​ក៏​ធ្លាប់​មាន​កីឡាករ​លំដាប់​កំពូល​មួយ​ចំនួន ដែល​បាន​ចូល​និវត្ត​លឿន​ជាង​ការ​រំពឹង​ទុក ទាំង​ដែល​ទម្រង់​លេង​របស់​ពួក​គេ​ក៏​ធ្វើ​បាន​ល្អ​ច្រើន ​និង​ប្រជាប្រិយភាព​ទទួល​បាន​ការ​គាំទ្រ​ជា​ហូរហែ​ខ្លាំង​ផង​នោះ។ ខាង​ក្រោម CTS Sports បង្ហាញ​ឈ្មោះ​កីឡាករ ៥ រូប​ចូល​និវត្ត​នៅ​អាយុ​តិច លឿន​ជាង​ការ​គិត​របស់​អ្នក​គាំទ្រ៖

៥) Didier Deschamps ​ចូល​និវត្ត​នៅ​អាយុ ៣២ ឆ្នាំ

Deschamps ​ដែល​បច្ចុប្បន្ន​កំពុង​ដឹកនាំ​ក្រុម​មាន់​គក​បារាំង កាល​នៅ​ជា​កីឡាករ​លោក​ក៏​ធ្លាប់​ជួយ​ជម្រើស​ជាតិ​ឈ្នះ FIFA World Cup កាល​ពី​ឆ្នាំ ១៩៩៨ ផង​ដែរ។ ប៉ុន្តែ​នៅ​រយៈ​ពេល​បី​ឆ្នាំ​បន្ទាប់ នា​ឆ្នាំ ២០០១ លោក​បែរ​ជា​ជ្រើសរើស​ផ្លូវ ព្យួរ​ស្បែកជើង​ពី​អាជីព​ជា​កីឡាករ ក្រោម​ហេតុផល​រង​របួស​ញឹកញាប់​ពេក។ បញ្ជាក់​ថា Deschamps ជា​បុគ្គល​មួយ​រូប​គត់​ក្នុង​លោក ដែល​អាច​ឈ្នះ​ពាន World Cup នាម​ជា​កីឡាករ និង​ជា​អ្នកចាត់ការ។

៤) Jamie Carragher ចូល​និវត្ត​នៅ​អាយុ ២៩ ឆ្នាំ


Carragher ចាយ​ពេល​ជាង ១៧ ឆ្នាំ ដើរ​តួ​ជា​ជញ្ជាំង​ការពារ​ឲ្យ​ក្លឹប​ហង្ស​ក្រហម Liverpool។ កីឡាករ​អង់គ្លេស​ក៏​ជា​ចំណែក​ដែល​ជួយ​ឲ្យ Liverpool វាយបក​យក​ឈ្នះ AC Milan នៅ UEFA Champions League កាល​ពី​ឆ្នាំ​ ២០០៥ ផង​ដែរ។ ជាមួយ​ហង្ស​លោក​ឈ្នះ​ពាន​រង្វាន់​ធំ​តូច​ច្រើន​ដែរ តែ​នៅ​ជម្រើស​ជាតិ​អង់គ្លេស​ហាក់​មិន​ទទួល​បាន​ផ្លែផ្កា​អ្វី​ទាល់​តែ​សោះ លុះ​ដល់​ឆ្នាំ ២០០៧ លោក​ក៏​បាន​ប្រកាស​ចូល​និវត្ត​ពី​ជម្រើស​ជាតិ​តែ​ម្តង​ទៅ ហើយ​នៅ​កម្រិត​ក្លឹប​ចូល​និវត្ត​នៅ ៦ ឆ្នាំ​បន្ទាប់។

៣) Eric Cantona ចូល​និវត្ត​នៅ​អាយុ ៣០ ឆ្នាំ


Cantona ជា​កីឡាករ​ដែល​លេង​កាច រមែង​រង​ការ​ពិន័យ​និង​ព្យួរ​ឈ្មោះ​ជា​ញឹកញាប់​នៅ Man Utd ប៉ុន្តែ​ទម្រង់​លេង​នៅ​តំណែង​ប្រយុទ្ធ​របស់​គេ​គឺ​ពិត​ជា​មិន​ណយ​ឡើយ។ សោកស្តាយ​ដែរ ដោយ​នៅ​ឆ្នាំ ១៩៩៧ ត្រឹម​អាយុ ៣០ ឆ្នាំ​ប៉ុណ្ណោះ Cantona បាន​បញ្ចប់​អាជីព ក្រោម​ហេតុផល​ដែល​ថា​អស់​អារម្មណ៍​ក្នុង​ការ​ប្រកួត។

២) Marco van Basten ចូល​និវត្ត​នៅ​អាយុ ៣១ ឆ្នាំ


ជា​ខ្សែ​ប្រយុទ្ធ​ជោគជ័យ​មួយ​រូប រក​បាន​ច្រើន​ជាង ៣០០ គ្រាប់​កំឡុង​ពេល​លេង​នៅ​ក្លឹប Ajax និង AC Milan។ លោក​បាន​ឈ្នះ​ពាន Ballon d’Or ៣ លើក ប៉ុន្តែ​ជា​អកុសល​នៅ​អាយុ ២៨ ឆ្នាំ Basten ចាប់​ផ្តើម​ទ្រុឌទ្រោម​ជា​បណ្តើរៗ ក្រោយ​រង​របួស​ធ្ងន់ធ្ងរ​នៅ​ផ្នែក​ក​ជើង ហើយ​ការ​អត់ធន់​បាន​តស៊ូ​ត្រឹម ៣ ឆ្នាំ​បន្ទាប់​តែ​ប៉ុណ្ណោះ។

១) Zinedine Zidane ចូល​និវត្ត​នៅ​អាយុ ៣៤ ឆ្នាំ


កីឡាករ​បារាំង​ដ៏​ជោគជ័យ​រូប​នេះ ជឿ​ថា​ប្រិយមិត្ត​ជា​ប្រាកដ​ជា​បាន​ស្គាល់ ដោយ​នៅ​កាល​ជា​កីឡាករ​លោក​ធ្លាប់​បាន​ឈ្នះ​ពាន​រាប់​ភ្លេច​ជាមួយ Real Madrid, Juventus និង​ជម្រើស​ជាតិ​ជា​ដើម។ ដោយ​មិនមាន​មូលហេតុ​ច្បាស់លាស់ Zidane បាន​ព្យួរ​ស្បែក​ជើង​ពី​វិស័យ​បាល់ទាត់​ត្រឹម​អាយុ ៣៤ ឆ្នាំ៕

ប្រភព៖ Sokkaa

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT