ប្រវត្តិជូរចត់ Benzema ធ្លាប់​ជា​ក្មេង​ត្រូវ​បាន​គេ​រើសអើង ​មុន​ប្រែ​ក្លាយ​ជា​កីឡាករ​បាល់ទាត់​កំពូល

Karim Benzema នា​រដូវ​កាល ២០១៩/២០ នៅ​ក្របខ័ណ្ឌ LaLiga លោក​បាន​ឈរ​ចំណាត់ថ្នាក់​ទី ២ នាម​ជា​ Top Scorer បន្ទាប់​ពី Lionel Messi ហើយ​ក៏​ជា​ចំណែក​ដ៏​សំខាន់​ដែល​បាន​ជួយ​ឲ្យ Real Madrid លើក​ពាន​ LaLiga ទី ៣៤។

ពី​ក្រោយ​ភាព​ជោគជ័យ​និង​ការ​ឈរ​ជើង​ក្នុង​អាជីព​បាល់ទាត់ អស់​រយៈ​ពេល​ជាង ១៥ ឆ្នាំ ជឿ​ថា​មាន​អ្នក​គាំទ្រ​តិច​ណាស់ ដែល​ធ្លាប់​បាន​ដឹង​ពី​ប្រវត្តិ​ស៊ីជម្រៅ​កាល​ពី​កុមារភាព​របស់​កីឡាករ​បារាំង និង​ការ​ឆ្លងកាត់​រឿង​លំបាក​ខ្លះៗ​មុន​ក្លាយ​ជា​បុគ្គល​ជោគជ័យ​មួយ​រូប​ទល់​ពេល​បច្ចុប្បន្ន។

Karim Benzema កើត​នៅ​ថ្ងៃ​ទី ១៩ ​ធ្នូ ឆ្នាំ ១៩៨៧ ​ក្នុង​ទីក្រុង Lyon ប្រទេស​បារាំង ដោយ​មាន​ឪពុក​ឈ្មោះ Hafid Benzema និង​ម្តាយ​ឈ្មោះ Wahida Djebbara។ លោក​ជា​កូន​ទី ៦ ក្នុង​ចំណោម​កូន​ទាំង ៩ រូប​នៅ​បន្ទុក​គ្រួសារ។

ម្តាយ​ឪពុក​របស់​ Benzema មាន​សញ្ជាតិ​ដើម ជា​ជនជាតិ​អាល់ហ្សេរី​ទេ ហើយ​គឺ​ជា​ជន​អន្តោប្រវេសន៍​ដែល​ផ្ទេរ​មក​រស់នៅ​ក្នុង​ប្រទេស​បារាំង។ កំឡុង​ពេល​មក​រស់នៅ​ដំបូង គ្រួសារ​របស់ Benzema គឺ​ស្នាក់នៅ​ក្នុង​សង្កាត់ Bron ទីក្រុង Metropolis រដ្ឋធានី Lyno ភាគ​ខាង​កើត​នៃ​ប្រទេស​បារាំង។

ពេល​នោះ​ហើយ​ជា​ពេល​ដែល Benzema ឆ្លងកាត់​រឿង​លំបាក និង​កំហុស​ឆ្គង​ជា​ច្រើន​កាល​នៅ​ពី​កុមារភាព ដោយ​គេ​មិន​សូវ​ត្រូវរ៉ូវ​ជាមួយ​ញាតិមិត្ត​ជិតខាង​នោះ​ទេ ហើយ​បាន​ដើរ​តាម​គន្លង​ក្រុម​ជនពាល បង្ក​នូវ​អំពើ​ឧក្រិដ្ឋកម្ម​ជា​ច្រើន​លើក​ច្រើន​សារ។ ឪពុក​របស់​ Benzema ផ្ទាល់​នេះ​ឯង ជា​អ្នក​ព្យាយាម​លុត​ដំ និង​ទាញ​កូន​ប្រុស​ខ្លួន​ឲ្យ​ចេញ​ពី​ការ​បង្ក​រឿង​ផ្សេងៗ​នៅ​ក្នុង​ស្រុក​ភូមិ។

លោក Hafid បាន​យក Benzema ទៅ​ឲ្យ​រៀន​សូត្រ​នៅ​ឯ​សាលា​កាតូឡិច ប៉ុន្តែ​គេ​អាច​មិន​សម្រប​នឹង​ការ​រៀន​សូត្រ​នៅ​ទី​នោះ​បាន​ឡើយ ព្រោះ​រមែង​ទទួល​បាន​ការ​រើសអើង​ពី​ក្មេងៗ​ឯ​ទៀត ពេល​ដឹង​ថា Benzema មាន​សញ្ជាតិ​ដើម​ជា​អាល់ហ្សេរី។ លើស​ពី​នេះ​រូបរាង​កាយ​របស់​គេ​កាល​នោះ ក៏​ធាត់ ដែល​រុញ​ឲ្យ​មិត្ត​រួម​ថ្នាក់​កាន់​តែ​បន្តុះបង្អាប់ ​រូប​គេ​ខ្លាំង​ឡើង។ ក្រោយ​មក​ទើប Benzema ចាប់​ផ្តើម ព្យាយាម​កែប្រែ​ទម្លាប់​នៃ​ការ​បរិភោគ រហូត​បាន​ស្រក់​ទម្ងន់​ខ្លះ ហើយ​ក្រឡេក​ទៅ​មើល​ការ​រស់នៅ​ក៏​ទទួល​បាន​ការ​ចុះ​សម្រុង​ជាមួយ​អ្នក​ភូមិ​ផង​របង​ជាមួយ​ជា​បណ្តើរៗ​ដែរ។

លុះ​ដល់​អាយុ ៨ ឆ្នាំ Benzema បាន​ចាប់ផ្តើម​ចូល​ហ្វឹកហាត់​បាល់ទាត់​ជាមួយ​ក្លឹប Bron Terraillon នៅ​ឯ​ស្រុក​កំណើត​ផ្ទាល់​តែ​ម្តង។ ត្បិត​បើ​អាយុ​រាង​ក្មេង​បន្តិច​មែន តែ Benzema បាន​បង្កើត​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ឆាប់​រហ័ស​ពី​សំណាក់​ក្លឹប​ Lyon ក្រោយ​បាន​ឃើញ​ក្មេង​ប្រុស​តូច​រូប​នេះ រក​បាន ២ គ្រាប់​នៅ​ការ​ប្រកួត​ត​ទល់​ថ្នាល​យុវជន Lyon Youth Academy ឈុត​អាយុ​ក្រោម ១០ ឆ្នាំ។

មិន​រង់​ចាំ​យូរ ថ្នាក់​លើ​របស់ Lyon ក៏​បាន​ទៅ​បញ្ចុះបញ្ចូល​ឲ្យ​ក្លឹប Bron Terraillon លក់ Benzema ឲ្យ​មក​ក្លឹប​របស់​ខ្លួន តែ​ប្រធាន​ក្លឹប Bron គឺ​លោក Serge Santa Cruz កាល​នោះ​បដិសេធ​មិន​ព្រម​លក់​ឡើយ។ ក្រោយ​មក​ទើប​ក្លឹប Lyon ទៅ​រត់ការ​ជាមួយ​ឪពុកម្តាយ​របស់ Benzema ផ្ទាល់​តែ​ម្តង ទម្រាំ​ការ​ចរចា​នោះ​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ជោគជ័យ​មួយ។

ដំណាក់កាល​ដំបូង Benzema ត្រឹម​ជា​ក្មេង​រើស​បាល់​ឲ្យ​រៀមច្បង​នៅ​ការ​ប្រកួត​ឈុត​ធំ​របស់​ក្លឹប Lyon តែ​ប៉ុណ្ណោះ ព្រោះ​ពេល​នោះ​គេ​ទើប​មាន​អាយុ ៩ ឆ្នាំ ប៉ុន្តែ​គេ​នៅ​តែ​ពុះពារ ខិតខំ​ទាំង​យប់​ថ្ងៃ ក៏​ដោយសារ​ចិត្ត​ស្រលាញ់​បាល់ទាត់ ហើយ​រហូត​ដល់​ពេល​លេង​ឲ្យ​ឈុត U16 នៃ​ក្លឹប Lyon យុវជន​រូប​នេះ​រក​បាន​ដល់ ៣២ គ្រាប់ រំកិល​ឲ្យ​ឈ្មោះ​របស់​គេ​ចាប់​មាន​ភាព​ល្បីល្បាញ​តាំង​ពី​ពេល​នោះ​មក។

បង្វែរ​ទៅ​រក​រឿង​លំបាកៗ​ខ្លះ​របស់ Benzema គ្រា​ទៅ​ហ្វឹកហាត់​នៅ Lyon ដំបូង នោះ​គឺ​ការ​រស់​នៅ​ឆ្ងាយ​ពី​ផ្ទះ ដោយ​គេ​មិន​ធ្លាប់​រស់នៅ​ឆ្ងាយ​ពី​ឪពុក​ម្តាយ​សោះ​ឡើយ ហើយ​គេ​ជា​ប្រភេទ​មនុស្ស​ស្ងៀមស្ងាត់ មិន​សូវ​ចេះ​មាត់​ក រហូត​ដល់ ២-៣ ឆ្នាំ​បន្ទាប់​ទើប Benzema អាច​សម្រប​ការ​រស់នៅ​នៅ​ទ្រនំ​ថ្មី​នេះ​បាន និង​ក្លាយ​ជា​បុគ្គល​ដែល​ចេះ​លេង​សើច​ ហើយ​មាន​ភាព​ច្បាស់លាស់​ដូច​ Benzema ដែល​ឈរ​ជើង​នៅ Real Madrid បច្ចុប្បន្ន​នេះ។

បន្ត​ទៅ​ការ​ចូលរួម​នៅ​ឈុត​ធំ​ដំបូងៗ Benzema ក៏​ទទួល​បាន​ការ​សើច​ចំអក​ពី​កីឡាករ​ក្នុង​ក្លឹប​ឯ​ទៀត​ផង​ដែរ តែ​ភ្លាមៗ​នោះ​គេ​ឆ្លើយ​ទាំង​មាន​ទំនុក​ចិត្ត​ដោយ​និយាយ​ថា៖ “មិន​បាច់​សើច​ចំអក​ខ្ញុំ​ទេ ត្រូវ​ចាំ​ណា​ពី​មុន​ខ្ញុំ​ធ្លាប់​ជា​ក្មេង​រើស​បាល់​ឲ្យ​អ្នក​មែន តែ​ពេល​នេះ​ខ្ញុំ​មក​ទី​នេះ​ដើម្បី​ប្រកួតប្រជែង​នឹង​អ្នក ហើយ​ក៏​នឹង​ប្រជែង​យក​តំណែង​របស់​អ្នក​ផង​ដែរ”។

ឆន្ទៈ​និង​ការ​ពុះពារ​របស់ Benzema បាន​បង្ហាញ​ចេញ​ជា​ផ្លែផ្កា​យ៉ាង​ពិត​ប្រាកដ ដោយ​នៅ ១៤៨ ប្រកួត គេ​រក​បាន​ដល់​ទៅ ៦៦ គ្រាប់​និង Assist ២៦ លើក ហើយ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​ក្លឹប Real Madrid និង​បាន​វិវត្ត​ខ្លួន​ទៅ​កាន់​ទ្រនំ​ក្លឹប​យក្ស​អេស្ប៉ាញ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី ៩ ​កក្កដា ឆ្នាំ ២០០៩ នៅ​តម្លៃ​ខ្លួន ៣៥ លាន​អឺរ៉ូ។

បច្ចុប្បន្ន Benzema ត្រូវ​បាន​រាប់​ចូល ជា​វីរបុរស​មួយ​រូប​របស់​ក្លឹប Real Madrid ដោយ​គេ​បាន​ឈ្នះ​ពាន​រង្វាន់​បុគ្គល និង​ពាន​ធំ​តូច​ជាមួយ​ក្លឹប​រាប់​ភ្លេច ហើយ​អ្វី​ដែល​អស្ចារ្យ​នោះ អ្នក​គ្រោង​កំណត់ត្រា​រក​បាន​គ្រាប់​បាល់​លឿន​បំផុត​ប្រចាំ​ប្រវត្តិសាស្រ្ត​ El Clasico គឺ​មិនមែន​ជា Messi ឬ Ronaldo ផ្ទុយ​ទៅ​វិញ​គឺ​ជា​កីឡាករ​មាន​សញ្ជាតិ​ដើម​អាល់ហ្សេរី និង​ធ្លាប់​ត្រូវ​បាន​គេ​មាក់ងាយ​កាល​ពី​នៅ​ក្មេង​ម្នាក់​នេះ​ហើយ។

នៅ​ឆ្នាំ ២០១១ ត្បិត​បើ​បរាជ័យ ៣-១ ក្រោម​ថ្វី​ជើង​របស់ Barcelona ប៉ុន្តែ​ Benzema បាន​ចារ​ឈ្មោះ​នាម​ជា​កីឡាករ​រក​បាន​គ្រាប់​បាល់​លឿន​បំផុត​នៅ El Clasico ប្រើ​ពេល​ត្រឹម ២១ វិនាទី ក្រោយ​កែ​បាល់​ចេញ​ពី​ជើង។

បញ្ជាក់​ថា នៅ Real Madrid សព្វថ្ងៃ​នេះ Karim Benzema ទទួល​បាន​ប្រាក់​ពលកម្ម​ប្រមាណ ៣៥០ ០០០ មុឺន​ដុល្លារ/សប្តាហ៍ ហើយ​ក្ដោបក្ដាប់​ទ្រព្យសម្បត្តិ​រួម​ច្រើន​ជាង ៤០ លាន​ដុល្លារ​អាមេរិក៕

ប្រភព៖ LifeBogger

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT